(ប៉េកាំង)៖ នៅយប់ថ្ងៃទី ៧ ខែឧសភា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញ ទៅដល់អាកាសយានដ្ឋាន Vnukovo ក្រុងម៉ូស្គូ ព្រមទាំងថ្លែងសុន្ទរកថាជាលាយលក្ខណ៍អក្សរ។

លោក Xi Jinping បានថ្លែងថា ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសរុស្ស៊ី ព្រមទាំងចូលរួម ពិធីអបអរសាទរដើម្បីរំលឹកខួប ៨០ ឆ្នាំនៃថ្ងៃជ័យជម្នះក្នុងសង្គ្រាមស្នេហាជាតិដ៏អស្ចារ្យនៃសហភាពសូវៀត តបតាមការអញ្ជើញរបស់លោក ភូទីន ប្រធានាធិបតីរុស្ស៊ី។ ឆ្លៀតឱកាសនេះ ខ្ញុំសូមតាងនាមរដ្ឋាភិបាល និងប្រជាជនចិនសម្តែង ការសួរសុខទុក្ខដោយស្មោះត្រង់និងផ្ញើការជូនពរដ៏ល្អប្រសើរជូនចំពោះរដ្ឋាភិបាល និងប្រជាជនរុស្ស៊ី។

លោក Xi Jinping បានថ្លែងថា ប្រទេសចិន និងរុស្ស៊ី គឺជាអ្នកជិតខាងដ៏ល្អដែលមិនអាចផ្លាស់ប្តូរបានទេ និងជាមិត្តពិតប្រាកដ ដែលរួមសុខរួមទុក្ខ។ ទំនាក់ទំនងចិន-រុស្ស៊ីប្រកបដោយភាពឯករាជ្យម្ចាស់ការ មិនត្រឹមតែនាំមកនូវផលប្រយោជន៍យ៉ាងធំធេង សម្រាប់ប្រជាជនចិន និងរុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការរក្សាស្ថិរភាពជាយុទ្ធសាស្ត្រសកល និងជំរុញពិភពលោកពហុប៉ូលដែលមានស្មើភាពគ្នា និងសណ្តាប់ធ្នាប់។

លោក Xi Jinping បានថ្លែងថា ឆ្នាំនេះគឺជាខួប ៨០ ឆ្នាំនៃថ្ងៃជ័យជម្នះក្នុងសង្គ្រាមពិភពលោកប្រឆាំងនឹងពួកហ្វាស៊ីស ក៏ជាខួប ៨០ ឆ្នាំនៃការបង្កើតអង្គការសហប្រជាជាតិផងដែរ។ ប្រទេសចិន និងរុស្ស៊ីនឹងពួតដៃគ្នាដើម្បីគាំពារសមិទ្ធផល នៃជ័យជម្នះនៃសង្គ្រាមលោកលើកទីពីរ ប្រឆាំងយ៉ាងដាច់ខាតនូវអនុត្តរភាព និងនយោបាយអំណាច អនុវត្តពហុភាគីនិយម ពិតប្រាកដ និងជំរុញការកសាងប្រព័ន្ធអភិបាលកិច្ចសកលដែលកាន់តែយុត្តិធម៌ និងសមហេតុផល។

លោក Xi Jinping បានថ្លែងទៀតថា ក្នុងដំណើរទស្សនកិច្ចលើកនេះ ខ្ញុំនឹងជួបពិភាក្សាការងារជាមួយ​លោក ​ភូទីន ​ប្រធានាធិបតីរុស្ស៊ី ដើម្បីពិភាក្សាយ៉ាងស៊ីជម្រៅអំពីទំនាក់ទំនងទ្វេភាគី កិច្ចសហប្រតិបត្តិការជាក់ស្តែង និងបញ្ហាអន្តរជាតិឋ​និងតំបន់សំខាន់ៗ ដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា ដើម្បីបំពេញបន្ថែមកម្លាំងចលករយ៉ាងខ្លាំងទៅក្នុង ការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូសម្របសម្រួលយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ក្នុងយុគសម័យថ្មីរវាងចិននិងរុស្ស៊ី៕

វិទ្យុមិត្តភាពកម្ពុជាចិន