(ប៉េកាំង)៖ ថ្ងៃទី៧ ខែឧសភា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតអបអរសាទរចំពោះការបើក “ព្រឹតិ្តការណ៍នៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនចិន-រុស្ស៊ីដើម្បីរំលឹកខួប ៨០ ឆ្នាំនៃថ្ងៃជ័យជម្នះរបស់ប្រជាជនចិន ក្នុងការប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងថ្ងៃជ័យជម្នះក្នុងសង្រ្គាមស្នេហាជាតិដ៏អស្ចារ្យ របស់សហភាពសូវៀត ក្រោមប្រធានបទ៖បន្តវេនសន្តិភាព បើកទំព័រថ្មីនៃយុគសម័យ”។

លោក Xi Jinping បានគូសបញ្ជាក់ថា ការពង្រឹងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន មានអត្ថន័យដ៏សំខាន់ វែងឆ្ងាយនិងទូលំទូលាយ ក្នុងការបង្កើនការយល់ដឹងគ្នាទៅវិញទៅមក ការផ្សព្វផ្សាយចំណងមិត្តភាពនិងសុខដុមរមនា ជាមួយប្រទេសជិតខាង និងការពង្រឹងមូលដ្ឋានគ្រឹះនៃឆន្ទៈប្រជាជន សម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។ សង្ឃឹមថា ប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសទាំងពីរ នឹងបំពេញបេសកកម្មជាមួយគ្នា ពួតដៃគ្នាដើរឆ្ពោះទៅមុខ ព្រមនិងធ្វើការផ្លាស់ប្តូររវាង ប្រជាជននិងប្រជាជនឱ្យបានកាន់តែច្រើន ក្នុងន័យតភ្ជាប់ដួងចិត្តគ្នាឱ្យបានជិតស្និទ្ធ និងកក់ក្តៅ ដើម្បីបំពេញបន្ថែមកម្លាំងចលករថ្មី សម្រាប់ការជំរុញការយល់ដឹង និងរាប់អានគ្នារវាងប្រជាជននៃប្រទេសទាំងពីរ និងបន្ថែមសមិទ្ធផលថ្មី សម្រាប់ការអភិវឌ្ឍ នៃទំនាក់ទំនងភាពជាដៃគូសហការ និងសម្របសម្រួលជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងយុគសម័យថ្មីរវាងចិននិងរុស្ស៊ី ក៏ដូចជារួមចំណែកថ្មីដល់ការជំរុញការកសាងសហគមន៍រួមជោគវាសនាសម្រាប់មនុស្សជាតិផងដែរ។

សូមបញ្ជាក់ថា “ព្រឹតិ្តការណ៍នៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនចិន-រុស្ស៊ីដើម្បីរំលឹកខួប ៨០ ឆ្នាំនៃថ្ងៃជ័យជម្នះ របស់ប្រជាជនចិនក្នុងសង្រ្គាមប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងថ្ងៃជ័យជម្នះក្នុងសង្រ្គាមស្នេហាជាតិដ៏អស្ចារ្យ របស់សហភាពសូវៀតក្រោមប្រធានបទ៖ បន្តវេនសន្តិភាព ទំព័រថ្មីនៃយុគសម័យ” សហការរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងក្រុមហ៊ុនវិទ្យុ និងទូរទស្សន៍ជាតិរុស្ស៊ីនៅក្រុងម៉ូស្គូនាថ្ងៃដដែល។ លោក វ្ល៉ាឌីមៀ ភូទីន ប្រធានាធិបតីរុស្ស៊ី ក៏បានផ្ញើលិខិតអបអរសាទរចំពោះ ការបើកព្រឹត្តិការណ៍នេះផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន