(ញូវដែលី)៖ នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ឥណ្ឌាបានព្រមានប៉ាគីស្ថានថា ការធ្វើសកម្មភាពយោធាណាមួយពីប៉ាគីស្ថាន នឹងត្រូវទទួលរងទៅវិញ នូវការឆ្លើយតបយ៉ាងរឹងមាំជាទីបំផុត បន្ទាប់ពីទីក្រុងញូវដែលី បានវាយប្រហារមីស៉ីលទៅលើប៉ាគីស្ថាន ដើម្បីសងសឹកចំពោះករណីបាញ់រះដ៏ប្រល័យមួយ ដែលឥណ្ឌាទម្លាក់កំហុសលើទីក្រុងអ៉ីស្លាម៉ាបាដ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP។

រដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar បាននិយាយថា «ការឆ្លើយតបរបស់យើងជាចំណាត់ការ ដែលកំណត់គោលដៅច្បាស់លាស់ និងមានភាពប្រុងប្រយ័ត្ន។ ប៉ុន្តែបើមានការវាយប្រហារយោធាមកលើយើង នោះមិនចាំបាច់សង្ស័យឡើយ គឺវានឹងត្រូវទទួលរងទៅវិញ នូវការឆ្លើយតបយ៉ាងរឹងមាំជាទីបំផុត»

នាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក Shehbaz Sharif បានប្តេជ្ញាសងសឹកវិញ បន្ទាប់ពីឥណ្ឌាបានវាយប្រហារដោយប្រើមីស៉ីល កាលពីថ្ងៃពុធ ហើយសកម្មភាពបាញ់បោះតបតដាក់គ្នាទៅមក នៅតាមបណ្តោយព្រំប្រទល់តំបន់ Kashmir អស់ជាច្រើនថ្ងៃ ដោយប្រើប្រាស់ត្រឹមកាំភ្លើង ប្រែក្លាយទៅជាការបាញ់ផ្លោងកាំភ្លើងធំ រវាងភាគីទាំងពីរ។ បើការអះអាងពីភាគីទាំងសងខាង មានមនុស្សយ៉ាងហោច៣១នាក់ស្លាប់ នៅប៉ាគីស្ថាន និង១៦នាក់ស្លាប់ នៅឥណ្ឌា ចាប់តាំងពីការប៉ះទង្គិចកាលពីថ្ងៃពុធ។

គួរបញ្ជាក់ថា ក្រោយការកើនឡើងកម្តៅកាន់តែខ្លាំងនៃភាពតានតឹង រវាងប្រទេសជិតខាងទាំងពីរ ដែលសុទ្ធតែមានអាវុធនុយក្លេអ៊ែរ អង្គការសហប្រជាជាតិ ព្រមទាំងប្រទេសនានា រួមមានសហរដ្ឋអាមេរិក ចិន រុស្ស៉ី ចក្រភពអង់គ្លេស និងបារាំង ជាដើម បាននាំគ្នា​អំពាវនាវឱ្យភាគីទាំងពីរប្រកាន់ភាពអត់ធ្មត់ និងព្យាយាមដោះស្រាយជម្លោះដោយសន្តិវិធី៕