(បាងកក)៖ តុលាការនៅប្រទេសថៃ បានសម្រេចបដិសេធចំពោះសំណើរបស់អតីតនាយករដ្ឋមន្រ្តី លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ ដែលចង់ចាកចេញពីប្រទេស ឆ្ពោះទៅកាន់ប្រទេសកាតា ជាទីដែលរូបលោកសង្ឃឹមថា នឹងបានជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីបើកកិច្ចពិភាក្សាក្រៅផ្លូវការស្តីពីបញ្ហាពាណិជ្ជកម្ម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ដោយសារបច្ចុប្បន្នកំពុងប្រឈមការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌ ក្រោមច្បាប់ប្រឆាំងការប្រមាថព្រះចេស្តាព្រះមហាក្សត្រថៃ លោក ថាក់ស៉ីន ចាំបាច់ត្រូវស្នើសុំការអនុញ្ញាតពីតុលាការ ក្នុងករណីចង់ធ្វើដំណើរចេញក្រៅប្រទេស ដែលជាលក្ខខណ្ឌសម្រាប់ឱ្យរូបលោកអាចស្ថិតនៅក្រៅឃុំ។
កាលពីយប់ថ្ងៃព្រហស្បតិ៍ តុលាការព្រហ្មទណ្ឌថៃ បានចេញសេចក្តីសម្រេចថា សំណើរបស់លោក ថាក់ស៉ីន ខ្វះហេតុផលសមស្រប ហើយបានកត់សម្គាល់ថា ការអញ្ជើញទៅចូលរួម ពិធីជប់លៀងទទួលទានអាហារពេលល្ងាច នៅវិមាន Lusail Palace របស់កាតា ជាទីដែលលោក ត្រាំ រំពឹងថា នឹងមានវត្តមាន អំឡុងទស្សនកិច្ចនៅប្រទេសកាតា ក្នុងខែនេះ គឺមានលក្ខណៈបុគ្គល និងមិនជាប់ពាក់ព័ន្ធជាមួយឋានៈការទូតផ្លូវការណាមួយ នោះទេ។
លោក ថាក់ស៉ីន មិនមានតួនាទីផ្លូវការក្នុងរដ្ឋាភិបាលថៃឡើយ ប៉ុន្តែលោកបានលើកហេតុផលថា ព្រឹត្តិការណ៍ខាងលើ អាចផ្តល់ឱកាសកម្រមួយ ដើម្បីនិយាយជាមួយលោក ត្រាំ អំពីបញ្ហាពាណិជ្ជកម្ម បន្ទាប់ពីថៃត្រូវបានអាមេរិកកំណត់យកពន្ធ ៣៦ភាគរយ ដែលជាផ្នែកនៃចំណាត់ការពន្ធបដិការជាសកលរបស់លោក។
គួរបញ្ជាក់ថា កិច្ចចរចាបញ្ហាពន្ធគយរវាងថៃនិងអាមេរិក ដែលពីដំបូងឡើយគ្រោងប្រព្រឹត្តទៅ កាលពីខែមេសា ត្រូវបានពន្យារពេលជាបណ្តោះអាសន្ន ជាហេតុនាំឱ្យមានការសង្ស័យថា ការពន្យារពេលនោះ អាចត្រូវបានជំរុញដោយកត្តានយោបាយក្នុងស្រុក។ ក្រោយត្រឡប់ចូលប្រទេសថៃវិញ កាលពីខែសីហា ឆ្នាំ២០២៣ លោក ថាក់ស៉ីន បានសន្យាមិនចូលប្រឡូកនយោបាយជាថ្មីឡើយ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃកន្លងមកនេះ បានរាយការណ៍ថា រូបលោកបានស្នើក្រៅផ្លូវការ ដើម្បីចរចាជាមួយទីក្រុងវ៉ាស៉ីនតោន ជុំវិញបញ្ហាពាណិជ្ជកម្ម។ កូនស្រីរបស់លោក គឺលោកស្រី ផែថងថាន ស៉ីណាវ៉ាត់ បានកាន់តំណែងនាយករដ្ឋមន្រ្តីថៃ ចាប់តាងតែពីឆ្នាំ២០២៤មក៕