(មូស្គូ)៖ នៅថ្ងៃសុក្រ ទី៩ ខែឧសភា ការប្រារព្ធពិធីព្យុហយាត្រាយោធា ដើម្បីអបអរខួបទី៨០ នៃជ័យជម្នះរបស់សហភាពសូវៀត និងសម្ព័ន្ធមិត្តលើរបបណាហ្ស៉ីអាល្លឺម៉ង់ បានចាប់ផ្តើមប្រព្រឹត្តទៅហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ពិធីខាងលើដែលរួមមានការដើរក្បួនរបស់កងទ័ព និងការបង្ហាញសព្វាវុធផ្សេងៗរបស់រុស្ស៉ី ប្រព្រឹត្តទៅនៅទីលាន Red Square ក្នុងរដ្ឋធានីមូស្គូ ហើយយោងតាមរូបភាពពីទូរទស្សន៍រដ្ឋរុស្ស៉ី ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ត្រូវគេមើលឃើញអង្គុយនៅជាប់នឹង​ប្រធានាធិបតីចិន លោក ស៉ី ជីនពីង ខណៈមេដឹកនាំបរទេសប្រហែលជាង២០រូបទៀត ក៏បានមកចូលរួមផងដែរ។ មុនចូលរួមពិធីខាងលើ លោក ពូទីន បានទទួលស្វាគមន៍លោក ស៉ី នៅឯវិមានក្រឹមឡាំង កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាគ្នា។ លោក ពូទីន បានប្រកាសបទឈប់បាញ់រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ទី១០ សម្រាប់សង្រ្គាមនៅអ៊ុយក្រែន។

គួរបញ្ជាក់ថា បើតាមតួលេខរបស់រដ្ឋាភិបាលរុស្ស៉ី អំឡុងការប្រយុទ្ធតស៊ូប្រឆាំងការឈ្លានពានរបស់របបណាហ្ស៉ីអាល្លឺម៉ង់ កាលពីសម័យសង្រ្គាមលោកលើកទី២ នៅឯសមរភូមិផ្នែក Eastern Front ប្រជាជនសូវៀតសរុបប្រហែល ២៧លាននាក់ ភាគច្រើនជាជនស៉ីវិល បានបាត់បង់ជីវិត។ សង្រ្គាមនោះ ត្រូវរុស្ស៉ីនិយមថាហៅ មហាសង្រ្គាមស្នេហាជាតិ ឬ Great Patriotic War៕