(វ៉ាស៊ីនតោន)៖ នៅទីបំផុតទៅ សម្ដេចសង្ឃកាតូលិកថ្មីត្រូវបានបោះឆ្នោតជ្រើសរើស ហើយវាជាលើកដំបូងបំផុតដែលសាសនាគ្រិស្តនិកាយកាតូលិកមានសម្ដេចប៉ាបមកពីសហរដ្ឋអាមេរិក។ មន្ត្រីសង្ឃជាន់ខ្ពស់ឬ cardinals មកពីជាង៧០ប្រទេសបានបោះឆ្នោតជ្រើសរើស cardinals Robert Francis Prevost ដែលឥលូវមានព្រះនាមជាសម្ដេចប៉ាប Leo XIV (Pope Leo XIV) ដើម្បីដឹកនាំគ្រឹស្តបរិស័ទជាង ១.៤ពាន់លាននាក់។ ដូច្នេះថាសម្ដេចប៉ាបថ្មីជានរណា?

Robert Francis Prevost ឬសម្ដេចប៉ាប Leo XIV បានប្រសូតនៅក្នុងទីក្រុង Chicago រដ្ឋ Illinois សហរដ្ឋអាមេរិក នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៩៥៥ ដោយមានឪពុកឈ្មោះ Louis Marius Prevost មានឈាមជ័រមកពី គ្រួសារបារាំង និងអ៉ីតាលី និងម្ដាយឈ្មោះ Mildred Martínez មកពីគ្រួសារអេស្ប៉ាញ។ សម្ដេចប៉ាប Leo XIV បានទទួលបរិញ្ញាប័ត្រផ្នែកគណិតវិទ្យាមកពីសាកលវិទ្យាល័យ Villanova University នៅក្នុងទីក្រុង Philadelphia នៅឆ្នាំ១៩៧៧។ ព្រះអង្គបានបញ្ចប់ការសិក្សាផ្នែកសាសនាមកពីសាលា Catholic Theological Union ក្នុងទីក្រុង Chicago និងទទួលបានសញ្ញាប័ត្រអនុបណ្ឌិតផ្នែកសាសនា ក្នុងឆ្នាំ១៩៨១។ ព្រះអង្គ ត្រូវបានតែងតាំងជាសង្ឃកាតូលិកនៅខែមិថុនា ឆ្នាំ១៩៨២ និងបានសិក្សាពីក្បួនច្បាប់សាសាគ្រឹស្តនៅឯសាកលវិទ្យាល័យ Pontifical University of St Thomas Aquinas ក្នុងទីក្រុងរ៉ូម ប្រទេសអ៉ីតាលី ហើយ៥ឆ្នាំក្រោយមក ព្រះអង្គទទួលបានសញ្ញាប័ត្របណ្ឌិត។

សម្ដេចប៉ាប Leo XIV មានសញ្ជាតិ២ គឺអាមេរិក និងប៉េរូ។ ព្រះអង្គបានធ្វើដំណើរទៅកាន់ប្រទេសប៉េរូ ក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនា ក្នុងឆ្នាំ១៩៨៥ និងបានត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញ ក្នុងឆ្នាំ១៩៨៦។ ព្រះអង្គទទួលបានសញ្ជាតិប៉េរូនៅឆ្នាំ២០១៥។ សម្ដេចប៉ាប Leo XIV ធ្លាប់ជា cardinals ដែលត្រូវបានជ្រើសរើសដោយផ្ទាល់ពីសម្ដេចប៉ាបហ្រ្វង់ស៊ីស។ សម្ដេចប៉ាបហ្រ្វង់ស៊ីស បានសោយទិវង្គតកាលពីថ្ងៃទី២១ ខែមេសា ក្នុងព្រះជន្ម ៨៨ព្រះវស្សា។

សម្ដេចប៉ាប Leo XIV អាចនិយាយបានច្រើនភាសារួមមាន អ៉ីតាលី អេស្ប៉ាញ អង់គ្លេស បារាំង និងព័រទុយហ្កាល់។ សម្ដេចប៉ាប Leo XIV ជាសម្ដេចប៉ាបទី ២៦៧៕