(ប៉េកាំង)៖ ស្ថានទូតចិនប្រចាំប្រទេសឥណ្ឌា ប៉ាគីស្ថាន និងនេប៉ាល់ បានចេញសេចក្តីណែនាំ នៅថ្ងៃសុក្រ ទី៩ ខែឧសភា ឲ្យពលរដ្ឋរបស់ខ្លួនបង្កើនការប្រុងប្រយ័ត្នផ្នែកសុវត្ថិភាព និងប្រុងប្រយ័ត្នក្នុងការធ្វើដំណើរទៅកាន់ប្រទេសអាស៊ីខាងត្បូងទាំងពីរនេះ ចំពេលមានការប្រយុទ្ធគ្នាដ៏តានតឹងមួយ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
ការព្រមាននេះធ្វើឡើង ខណៈប្រទេសជិតខាងមានអាវុធនុយក្លេអ៊ែរទាំងពីរ បានប៉ះទង្គិចគ្នាចាប់តាំងពីឥណ្ឌាបានវាយប្រហារទីតាំងជាច្រើនក្នុងប្រទេសប៉ាគីស្ថានកាលពីថ្ងៃពុធ ដែលខ្លួនអះអាងថាជា «ជំរំភេរវករ» ដើម្បីសងសឹកនឹងការវាយប្រហារនៅតំបន់កាស្មៀរកាលពីខែមុន។
ទន្ទឹមនឹងនេះ ស្ថានទូតចិនប្រចាំប្រទេសនេប៉ាល់ ក៏បានណែនាំពលរដ្ឋរបស់ខ្លួនឲ្យជៀសវាងធ្វើដំណើរទៅកាន់តំបន់នៅតាមបណ្តោយព្រំដែននេប៉ាល់-ឥណ្ឌា។ ស្ថានទូតបានពន្យល់ថា ដោយសារនេប៉ាល់ និងឥណ្ឌាមានព្រំដែនបើកចំហ ពលរដ្ឋចិនគួរតែប្រុងប្រយ័ត្នកុំឲ្យចូលទៅក្នុងប្រទេសឥណ្ឌាដោយច្រឡំ ដោយគ្មានទិដ្ឋាការត្រឹមត្រូវ ហើយថាប្រទេសទាំងពីរបានបង្កើនសន្តិសុខនៅតាមព្រំដែនរៀងៗខ្លួន។
គួរបញ្ជាក់ថា សេចក្តីណែនាំពីស្ថានទូតចិនទាំងនេះ បានឆ្លុះបញ្ចាំងពីការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីស្ថិរភាពក្នុងតំបន់អាស៊ីខាងត្បូង ដោយសារតែការកើនឡើងនៃជម្លោះរវាងឥណ្ឌា និងប៉ាគីស្ថាន៕