(វ៉ាស៉ីនតោន)៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានឱ្យដឹងថា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បានជួបសន្ទនាតាមទូរសព្ទជាមួយ ប្រមុខកងទ័ពជើងគោកប៉ាគីស្ថាន លោកឧត្តមសេនីយ៍ Asim Munir កាលពីថ្ងៃសុក្រ (ពេលវេលានៅអាមេរិក) ហើយបានទទូចឱ្យប៉ាគីស្ថាននិងឥណ្ឌា ព្យាយាមរិះរកមធ្យោបាយ ដើម្បីបន្ធូរបន្ថយភាពតានតឹងវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានបន្ថែមថា លោក Rubio ក៏បានស្នើផ្តល់ការជួយជ្រោមជ្រែងរបស់សហរដ្ឋអាមេរិក ដើម្បីផ្តើមកិច្ចសន្ទនាស្ថាបនារវាងប៉ាគីស្ថាននិងឥណ្ឌា ក្រោមគោលដៅបញ្ចៀសការកើតមានជម្លោះពេលក្រោយៗទៀតផងដែរ។ ប៉ុន្មានថ្ងៃមកនេះ អាមេរិកបានសន្ទនាជាប្រចាំតាមទូរសព្ទទាំងជាមួយប៉ាគីស្ថាន និងទាំងជាមួយឥណ្ឌា ដោយទទូចឱ្យភាគីទាំងពីរ បន្ធូរបន្ថយភាពតានតឹង។ ប្រទេសមានអាវុធនុយក្លេអ៊ែរទាំងពីរនេះ បានបន្តប៉ះទង្គិចគ្នាខ្លាំង អស់រយៈពេល៤ថ្ងៃជាប់គ្នាមកហើយ ខណៈនៅថ្ងៃសៅរ៍នេះ ប៉ាគីស្ថានបានបើកប្រតិបត្តិការយោធាជាផ្លូវការប្រឆាំងឥណ្ឌា។

គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ឥណ្ឌាត្រូវបានមើលឃើញថាជា ដៃគូដ៏សំខាន់មួយសម្រាប់មហាអំណាចលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក ដើម្បីទប់ទល់ការកើនឡើងឥទ្ធិពលរបស់ចិន។ រីឯប៉ាគីស្ថានក៏នៅតែជាសម្ព័ន្ធមិត្តរបស់អាមេរិកដែរ ទោះបីសារសំខាន់របស់ទីក្រុងអ៉ីស្លាម៉ាបាដបានថយចុះ ចាប់តាំងពីទីក្រុងវ៉ាស៉ីនតោន បានដកខ្លួនចេញពីអាហ្វហ្កានីស្ថាន កាលពីឆ្នាំ២០២១ ក៏ដោយ៕