(ប៉េកាំង)៖ ថ្ងៃទី៩ ខែឧសភា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិន បានជួបពិភាក្សា ការងារជាមួយលោកFico នាយករដ្ឋមន្រ្តីស្លូវ៉ាគី នៅទីក្រុងម៉ូស្គូ។
លោក Xi Jinping បានលើកឡើងថា ការជំរុញការអភិវឌ្ឍដោយគ្រប់ជ្រុងជ្រោយ ស៊ីជម្រៅ និងក្នុងកម្រិតខ្ពស់ នៃទំនាក់ទំនងចិន-ស្លូវ៉ាគី គឺសមស្របតាមផលប្រយោជន៍ជាមូលដ្ឋាន របស់ប្រជាជននៃប្រទេសទាំងពីរ ហើយសមស្របនឹងនិន្នាការប្រវត្តិសាស្ត្រ នៃកិច្ចសហប្រតិបត្តិការបើកចំហ ការផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងឈ្នះ-ឈ្នះ។ ភាគីទាំងពីរគួរតែបន្តពង្រឹងចំណងមិត្តភាពជាប្រពៃណី បង្កើនការផ្លាស់ប្តូរថ្នាក់ជាន់ខ្ពស់ ផ្តល់ការគាំទ្រដល់គ្នាទៅវិញទៅមក យ៉ាងមុតមាំ ពង្រីកកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមក រួមគ្នាកសាង "ខ្សែក្រវាត់ និងផ្លូវ" ប្រកបដោយគុណភាពខ្ពស់ ក្នុងន័យជំរុញទំនាក់ទំនងចិន-ស្លូវ៉ាគី និងចិន-អឺរ៉ុបឱ្យអភិវឌ្ឍប្រកបដោយស្ថិរភាព និងយូរអង្វែង។
ជាការឆ្លើយតប លោកFico បានថ្លែងថា ការធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងស្លូវ៉ាគី និងចិន គឺជាចំណុចសំខាន់បំផុតនៃគោលនយោបាយការបរទេស របស់ប្រទេសស្លូវ៉ាគី។ ស្លូវ៉ាគីប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ ជំរុញយ៉ាងសកម្មនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ជាមួយប្រទេសចិន និងជំរុញការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរីកចម្រើន។ ស្លូវ៉ាគីគាំទ្រគំនិតផ្តួចផ្តើមសំខាន់ៗដែលលើកឡើងដោយប្រទេសចិន ដូចជាការកសាងសហគមន៍រួមវាសនាសម្រាប់មនុស្សជាតិ ព្រមនិងកោតសរសើរចំពោះគោលជំហរ និងតួនាទីមានលក្ខណៈស្ថាបនារបស់ចិនក្នុងបញ្ហាអ៊ុយក្រែន និងមជ្ឈិមបូព៌ាជាដើម៕
វិទ្យុមិត្តភាពកម្ពុជាចិន