(កៀវ)៖ នៅថ្ងៃសៅរ៍ ទី១០ ខែឧសភា មេដឹកនាំរបស់ប្រទេសមហាអំណាចអឺរ៉ុបទាំង៣ គឺចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ ព្រមទាំង​មេដឹកនាំប្រទេសប៉ូឡូញ បានរួមគ្នាធ្វើដំណើរទៅដល់ទីក្រុងកៀវ ដើម្បីបើកកិច្ចប្រជុំជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងគោលបំណងបង្ហាញសាមគ្គីភាព មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានស្វាគមន៍សម្ព័ន្ធមិត្ត​របស់លោក អំឡុងការប្រារព្ធទិវាជ័យជម្នះសង្រ្គាមលោក នៅទីក្រុងមូស្គូ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ប្រភពពីអ្នកការទូតបារាំង បានបង្ហើបឱ្យដឹងថា កិច្ចប្រជុំខាងលើនឹងពិភាក្សាអំពីសំណើរបស់អាមេរិកនិងអឺរ៉ុប ដែលសំដៅចង់ឱ្យមាន​បទឈប់បាញ់មួយរយៈពេល៣០ថ្ងៃ ក្នុងសង្រ្គាមនៅអ៊ុយក្រែន ហើយប្រសិនបើទីក្រុងមូស្គូបដិសេធ ពួកគេអាចនឹងរួមគ្នាដាក់ទណ្ឌកម្មថ្មីបន្ថែមទៀតលើរុស្ស៉ី។

ដំណើរទស្សនកិច្ចខាងលើដោយនាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស លោគ Keir Starmer, ប្រធានាធិបតីបារាំង លោក Emmanuel Marcon, អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz និងនាយករដ្ឋមន្រ្តីប៉ូឡូញ លោក Doanld Tusk គឺជាលើកដំបូងបំផុត ដែលមេដឹកនាំនៃប្រទេសទាំង៤ បានធ្វើដំណើររួមគ្នាមកកាន់អ៊ុយក្រែន។ ក្នុងសេចក្តីថ្លែងការណ៍រួម មេដឹកនាំទាំង៤ បាននិយាយថា «ដូចគ្នាជាមួយសហរដ្ឋអាមេរិក យើងអំពាវនាវឱ្យរុស្ស៉ីយល់ព្រមចំពោះ បទឈប់បាញ់មួយ ដែលពេលលេញ និងគ្មានលក្ខខណ្ឌរយៈពេល៣០ថ្ងៃ ដើម្បីបង្កើតឱកាសសម្រាប់កិច្ចសន្ទនាស្តីពីសន្តិភាព ដែលមានយុត្តិធម៌និងឋិតថេរយូរអង្វែង»

គួរបញ្ជាក់ថា ការបំពេញទស្សនកិច្ចខាងលើរបស់មេដឹកនាំអង់គ្លេស បារាំង អាល្លឺម៉ង់ និងប៉ូឡូញ គឺចំថ្ងៃចុងក្រោយ នៃបទឈប់បាញ់ឯកតោភាគី ចាប់ពីថ្ងៃទី៨ ដល់ទី១០ ខែឧសភា ប្រកាសដោយលោក ពូទីន សម្រាប់សង្រ្គាមនៅអ៊ុយក្រែន។ កាលពីថ្ងៃសុក្រ ទី៩ ខែឧសភា លោកប្រធានាធិបតីរុស្ស៉ី បានទទួលស្វាគមន៍ប្រធានាធិបតីចិន លោក ស៉ី ជីនពីង ព្រមទាំងមេដឹកនាំមកពីប្រទេសដទៃទៀត ក្នុងពិធីព្យុហយាត្រាយោធា រំលឹកខួបទី៨០នៃជ័យជម្នះរបស់សហភាពសូវៀតលើរបបណាហ្ស៉ីអាល្លឺម៉ង់ ក្នុងសង្រ្គាមលោកលើកទី២ ដែលជាសារមួយបង្ហាញថា រូបលោកមិនឯកោនោះឡើយ៕