(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃចន្ទ ទី១២ ខែឧសភា ថា លោកអាចនឹងនិយាយជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅចុងសប្តាហ៍នេះ បន្ទាប់ពីមាន «ការកំណត់ឡើងវិញ» នូវទំនាក់ទំនង និងវឌ្ឍនភាពក្នុងកិច្ចចរចាពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ត្រាំ បានបញ្ជាក់ថា កិច្ចចរចារវាងមន្ត្រីនៃប្រទេសទាំងពីរ កាលពីចុងសប្តាហ៍មុន ដែលទំនងជាសំដៅលើកិច្ចពិភាក្សានៅប្រទេសស្វីស បាននាំឲ្យមាន «ការកំណត់ឡើងវិញ» នូវទំនាក់ទំនង។ ការណ៍នេះ បានបើកផ្លូវឲ្យមានលទ្ធភាពនៃការសន្ទនាកម្រិតមេដឹកនាំនៅពេលខាងមុខនេះ។

គួរបញ្ជាក់ថា សញ្ញាណាមួយនៃការបន្ធូរបន្ថយភាពតានតឹង ឬវឌ្ឍនភាពឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ត្រូវបានទីផ្សារហិរញ្ញវត្ថុពិភពលោកតាមដានយ៉ាងយកចិត្តទុកដាក់៕