(ប៉េកាំង)៖ នៅទីបំផុតសហរដ្ឋអាមេរិកនិងចិន បានប្រកាសរួមគ្នាថា ប្រទេសទាំងពីរបានឈានដល់ការព្រមព្រៀងគ្នា ដើម្បីទម្លាក់ពន្ធគយបដិការចុះមកវិញ ស្របពេលដែលទីក្រុងវ៉ាស៉ីនតោន និងទីក្រុងប៉េកាំង ទីបំផុតព្យាយាមបិទបញ្ចប់សង្រ្គាមពាណិជ្ជកម្ម ដែលបានបង្កភាពរង្គោះរង្គើជាខ្លាំង ចំពោះសេដ្ឋកិច្ចពិភពលោក និងទីផ្សារហិរញ្ញវត្ថុអន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។
រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា អាមេរិកនិងចិនបានឈានដល់ កិច្ចព្រមព្រៀងផ្អាកចំណាត់ការពន្ធបដិការរយៈពេល៩០ថ្ងៃ ហើយពន្ធនេះនឹងត្រូវទម្លាក់ចុះម្ខាងៗក្នុងអត្រា១១៥ភាគរយ។ កន្លងមក អំឡុងការកើនឡើងកម្តៅនៃជម្លោះពាណិជ្ជកម្ម អាមេរិកបានដំឡើងពន្ធបដិការសរុបដល់១៤៥ភាគរយ លើទំនិញរបស់ចិន ខណៈចិនបានឆ្លើយតបវិញ ដោយដំឡើងពន្ធ១២៥ភាគរយលើទំនិញរបស់អាមេរិក។
ប្រការនេះមានន័យថា កិច្ចព្រមព្រៀងពន្ធដែលត្រូវបានទម្លាក់ចុះម្ខាងៗក្នុងអត្រា១១៥ភាគរយ ដូច្នេះពន្ធអាមេរិកលើចិន ត្រូវធ្លាក់មកនៅត្រឹម៣០ភាគរយ ខណៈពន្ធចិនលើអាមេរិក ធ្លាក់មកត្រឹម១០ភាគរយ។
គួរបញ្ជាក់ថា សេចក្តីប្រកាសខាងលើកើតមានឡើង ក្រោយជំនួបចរចាលើកដំបូងបំផុត ស្តីពីសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិកនិងចិន ដែលបានប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ នៃប្រទេសស្វីស និងបញ្ចប់ទៅជាមួយលទ្ធផលវិជ្ជមាន កាលពីចុងសប្តាហ៍មុន៕