(រីយ៉ាដ)៖ នាថ្ងៃអង្គារ ទី១៣ ខែឧសភា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅដល់អារ៉ាប៊ីសាអូឌីត ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃ នៅតំបន់ឈូងសមុទ្រពែរ្ស ដែលនឹងផ្តោតទៅលើកិច្ចព្រមព្រៀងសេដ្ឋកិច្ច ជាជាងវិបត្តិសន្តិសុខក្នុងតំបន់ ដែលរួមមានចាប់តាំងពីសង្រ្គាមអ៉ីស្រាអែលនៅហ្កាហ្សា និងការកើនឡើងភាពតានតឹង ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ​Reuters។

ក្រោយទៅដល់អារ៉ាប៊ីសាអូឌីត លោក ត្រាំ នឹងចូលរួមវេទិកាវិនិយោគអារ៉ាប៊ីសាអូឌីត-អាមេរិក នៅទីក្រុងរីយ៉ាដ ហើយបន្ទាប់មក លោកនឹងបន្តដំណើរទៅប្រទេសកាតានាថ្ងៃពុធ និងអេមីរ៉ាតអារ៉ាប់រួម នាថ្ងៃព្រហស្បតិ៍ ប៉ុន្តែនឹងមិនឆ្លៀតចូលទស្សនកិច្ចនៅអ៉ីស្រាអែលឡើយ។ វាគឺជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកទី២ ចាប់តាំងពីលោកបានត្រឡប់មកក្លាយជា ប្រធានាធិបតី​របស់សហរដ្ឋអាមេរិកសាជាថ្មី កាលពីខែមករា។ ទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក គឺការទៅចូលរួមព្រះរាជពិធីបុណ្យសព របស់សម្តេចសង្ឃកាតូលិក ប៉ាប ហ្រ្វង់ស៉ីស នៅទីក្រុងរ៉ូម កាលពីខែមេសា។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក អារ៉ាប៊ីសាអូឌីត កាតា និងអេមីរ៉ាតអារ៉ាប់រួម ត្រូវបានរំពឹងថា នឹងប្រកាសកិច្ចព្រមព្រៀងវិនិយោគ ដែលមានទំហំសរុបអាចចូលដល់ខ្ទង់ទ្រីលានដុល្លារ។ កាលពីខែមករា អារ៉ាប៊ីសាអូឌីត បានប្តេជ្ញារួចជាស្រេចនូវការវិនិយោគចំនួន​៦០០ពាន់លានដុល្លារ នៅសហរដ្ឋអាមេរិក សម្រាប់រយៈពេល៤ឆ្នាំខាងមុខ ប៉ុន្តែលោក ត្រាំ ធ្លាប់បាននិយាយថា លោកនឹងស្នើឱ្យ​បង្កើនដល់១ទ្រីលានដុល្លារតែម្តង។ ទន្ទឹមគ្នា លោក ត្រាំ ត្រូវគេរំពឹងថា នឹងស្នើលក់កញ្ចប់សព្វាវុធទំហំជាង ១០០ពាន់លានដុល្លារ​ឱ្យអារ៉ាប៊ីសាអូឌីត។

ដោយឡែក គោលដៅទស្សនកិច្ចទី២និងទី៣ ក្នុងតំបន់ នៅកាតានិងអេមីរ៉ាតអារ៉ាប់រួម ក៏ត្រូវគេរំពឹងថា នឹងផ្តោតលើបញ្ហាសេដ្ឋកិច្ចស្រដៀងគ្នាដែរ។ គ្រួសាររាជវង្សរបស់កាតា ត្រូវបានរំពឹងថា នឹងផ្តល់យន្តហោះប្រណិត Boeing 747-8 ជាអំណោយពិសេសសម្រាប់លោក ត្រាំ ដើម្បីទុកប្រើប្រាស់ជាយន្តហោះ Air Force One។ លោក ត្រាំ ត្រូវគេរំពឹងថា នឹងបរិច្ចាគយន្តហោះនោះ ទៅក្នុងបណ្ណាល័យប្រធានាធិបតីរបស់លោក សម្រាប់ប្រើក្រោយអាណត្តិរបស់លោកបញ្ចប់ទៅ៕