(ប៉ារីស)៖ អ៉ីរ៉ង់ នឹងត្រូវរៀបចំកិច្ចចរចានៅក្នុងទីក្រុងអ៉ីស្ដង់ប៊ូល ប្រទេសតួកគីយ៉េ នៅថ្ងៃសុក្រសប្ដាហ៍នេះ ជាមួយក្រុមប្រទេស E3 ជុំវិញ កម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់។ នេះបើតាមមន្ត្រីការទូតអឺរ៉ុប២រូប និងអ៉ីរ៉ង់ ម្នាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃអង្គារ ទី១៣ ខែឧសភា។

កិច្ចចរចារវាងក្រុមមន្ត្រីការទូតជាន់ខ្ពស់អ៉ីរ៉ង់ និងអឺរ៉ុប កើតមានឡើងខណៈភាគីទាំងសងខាងកំពុងលើកកម្ពស់ការចូលរួមរបស់ខ្លួន នៅមុនកិច្ចចរចាជុំទី៥រវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ត្រូវចាប់ផ្ដើមនៅប៉ុន្មាន ថ្ងៃខាងមុខទៀតនេះ។ កិច្ចចរចារវាងអ៉ីរ៉ង់ និងប្រទេសអឺរ៉ុបដូចជាចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ ដែលត្រូវបានគ្រោងទុកកាលពីថ្ងៃទី២ ខែឧសភា ត្រូវបានលើកពេល ដោយសារតែមហាអំណាចអឺរ៉ុបទាំងនេះមានការស្ទាក់ស្ទើរពាក់ព័ន្ធនឹងការព្រួយបារម្ភថាកិច្ចចរចារបស់ពួកគេអាចនឹងធ្វើឱ្យប៉ះពាល់ដល់កិច្ចចរចារបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដែលមានគោលបំណងរារាំងកុំឱ្យអ៉ីរ៉ង់ផលិតអាវុធនុយក្លេអ៊ែរ។

ប៉ុន្តែ ក្រុមមន្ត្រីការទូតអឺរ៉ុប បាននិយាយថាពួកគេបានជ្រើសរើសដំណើរការកិច្ចចរចាជាមួយអ៉ីរ៉ង់នៅពេលនេះ ពីព្រោះវាជាផលប្រយោជន៍របស់អឺរ៉ុបក្នុងការរក្សាកិច្ចសន្ទនាជាមួយអ៉ីរ៉ង់។

គួរបញ្ជាក់ថា ទំនាក់ទំនងរបស់អ៉ីរ៉ង់ ជាមួយអង់គ្លេស បារាំង រួមទាំងអាល្លឺម៉ង់ដែលជាទូទៅគេស្គាល់ថា E3 បានធ្លាក់ដល់ចំណុចទាបបំផុតកាលពីឆ្នាំ២០២៤ ក្រោយមានសេចក្ដីរាយការណ៍ថាអ៉ីរ៉ង់បានបញ្ជូនដ្រូន និងមីស៊ីលទៅឱ្យរុស្ស៉ី ប្រើប្រាស់ក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន៕