(មូស្គូ)៖ វិមានក្រឹមឡាំង កាលពីថ្ងៃអង្គារ ទី១៣ ខែឧសភា បាននិយាយថារុស្ស៉ីនឹងប្រកាសថាតើនរណានឹងត្រូវចូលរួមក្នុងកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែន ក្នុងទីក្រុងអ៉ីស្តង់ប៊ូល នៅពេលលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន មើលឃើញថាចាំបាច់ ដោយបដិសេធបញ្ជាក់ថាតើលោក ពូទីននឹងមានវត្តមានដោយផ្ទាល់នៅឯតុចរចា ឬក៏យ៉ាងណានោះទេ? នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ពូទីន កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន បានស្នើឱ្យមានការរៀបចំកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែន ក្នុងទីក្រុងអ៉ីស្ដង់ប៊ូល ប្រទេសតួកគីយ៉េ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គីជាសាធារណៈឱ្យទទួលយកសំណើរបស់លោក ពូទីន។ លោក ហ្សេលេនស្គីបាននិយាយថាលោកនឹងទៅចូលរួមក្នុងកិច្ចចរចា ប៉ុន្តែថាលោក ពូទីន ក៏ត្រូវតែមានវត្តមានដោយផ្ទាល់ផងដែរ។ «ភាគីរុស្ស៉ីបន្តត្រៀមរៀបចំសម្រាប់កិច្ចចរចា»។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅពេលត្រូវបានសាកសួរអំពីកិច្ចចរចា និងសំណើរបស់លោក ហ្សេលេនស្គី ដែលចង់ឱ្យលោក ពូទីនចូលរួមដោយផ្ទាល់។

លោក Peskov ក៏មិនបាននិយាយថាតើលោក ពូទីន នឹងចូលរួមកិច្ចចរចាដោយផ្ទាល់ ឬក៏អត់នោះទេ? ហើយនៅពេលត្រូវបានសាកសួរថាតើនរណានឹងតំណាងឱ្យភាគីរុស្ស៉ី លោក Peskov បាននិយាយថា វាអាស្រ័យលើលោក ពូទីន ពោលគឺបើលោកយល់ថាចាំបាច់ នោះរុស្ស៉ីនឹងប្រកាសឱ្យដឹង៕