(ញូវយ៉ក)៖ ប្រធានទីភ្នាក់ងារជំនួយមនុស្សធម៌របស់អង្គការសហប្រជាជាតិ (UN) លោក Tom Fletcher បានរិះគន់គំនិតផ្តួចផ្តើមរបស់អ៉ីស្រាអែល ដែលចង់ដាក់ឱ្យវិស័យឯកជន មកទទួលខុសត្រូវលើការផ្តល់ជំនួយក្នុងតំបន់ហ្កាហ្សា ខណៈដែលគំនិតផ្តួចផ្តើមនេះ មានការគាំទ្រពីសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៤ ខែឧសភា ឆ្នាំ ២០២៥។

ចាប់តាំងពីសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសផ្ទុះឡើង កាលពីខែតុលា ឆ្នាំ ២០២៣ ការផ្តល់ជំនួយត្រូវបានធ្វើឡើង ដោយក្រុមផ្តល់ជំនួយអន្តរជាតិ និងទីភ្នាក់ងាររបស់ UN។ ប៉ុន្តែអ៉ីស្រាអែល បានស្នើឡើងកាលពីសប្តាហ៍មុន ឱ្យក្រុមហ៊ុនឯកជនធ្វើជាអ្នកទទួលបន្ទុកចែកចាយជំនួយ នៅភាគខាងត្បូងហ្កាហ្សា។

លោក Fletcher បានប្រាប់ក្រុមប្រឹក្សាសន្តិសុខ UN ដូច្នេះថា «យើងបានជួយសង្គ្រោះមនុស្សច្រើននាក់ហើយ។ យើងមានយន្តការយ៉ាងម៉ត់ចត់ ដើម្បីធានាថាជំនួយត្រូវបានបញ្ជូនដល់ដៃជនស៉ីវិល មិនមែនក្រុមហាម៉ាស។ តែអ៉ីស្រាអែលបដិសេធសកម្មភាពរបស់ពួកយើង»

អគ្គលេខាធិការនៃ UN លោក Antonio Guterres ក៏បានច្រានចោលផែនការរបស់អ៉ីស្រាអែលផងដែរ ដោយនិយាយថា ការចែកចាយជំនួយត្រូវតែធ្វើឡើងដោយឯករាជ្យ មិនលំអៀង និងស្របតាមគោលការណ៍មនុស្សធម៌៕