(ប៉េកាំង)៖ នៅថ្ងៃពុធនេះ ប្រធានាធិបតីនៃប្រទេសប្រេស៉ីល លោក Luiz Inacio Lula da Silva បាននិយាយថា រូបលោកនឹងព្យាយាមជួយជំរុញឱ្យប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន យល់ព្រមចូលរួមដោយផ្ទាល់ ក្នុងកិច្ចចរចាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅប្រទេសតួកគីយ៉េ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី១៤ ខែឧសភា ឆ្នាំ២០២៥។
លោក Lula da Silva នឹងឆ្លៀតចូលធ្វើទស្សនកិច្ចនៅរដ្ឋធានីមូស្គូរបស់រុស្ស៉ី ពេលធ្វើដំណើរត្រឡប់ទៅកាន់ប្រទេសប្រេស៉ីលវិញ ក្រោយលោកបិទបញ្ចប់ការចូលរួមវេទិកាចិន-អាមេឡាទីន នៅទីក្រុងប៉េកាំង។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនចេញដំណើរ លោក Lula បានលើកឡើងថា «ខ្ញុំនឹងព្យាយាមនិយាយជាមួយ លោក ពូទីន ព្រោះគ្រាន់តែនិយាយ ខ្ញុំមិនខាតបង់អ្វីទេ។ ខ្ញុំនឹងនិយាយថា 'សមមិត្ត ពូទីន, ធ្វើដំណើរទៅអ៉ីស្តង់ប៊ុលទៅ ដើម្បីបើកកិច្ចចរចា'»។
គួរបញ្ជាក់ថា លោក ហ្សេលេនស្គី បានបបួលលោក ពូទីន ចរចាគ្នាដោយផ្ទាល់ នៅទីក្រុងអ៉ីស្តង់ប៊ុល នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដែលនឹងជាលើកដំបូង គិតចាប់តាំងពីសង្រ្គាមឈ្លានពានរបស់រុស្ស៉ី បានផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២ ប៉ុន្តែវិមានក្រឹមឡាំង នៅមិនទាន់ផ្តល់ចម្លើយច្បាស់នៅឡើយទេថា តើលោក ពូទីន នឹងចូលរួមដោយផ្ទាល់ដែរឬអត់ ដោយត្រឹមអះអាងថា គណៈប្រតិភូរុស្ស៉ីនឹងមានវត្តមាន៕