(រីយ៉ាដ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃអង្គារ ទី១៣ ខែឧសភា ថា លោកនឹងបញ្ជាឲ្យដកទណ្ឌកម្មទាំងឡាយ ដែលដាក់លើប្រទេសស៊ីរី ដែលជាការផ្លាស់ប្តូរគោលនយោបាយដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៤ ខែឧសភា ឆ្នាំ២០២៥។

ការសម្រេចចិត្តនេះ ត្រូវបានគេរាយការណ៍ថា ធ្វើឡើងតាមការស្នើសុំរបស់ព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត និងប្រធានាធិបតីតួកគីយ៉េ ហើយធ្វើឡើងមុនជំនួបរវាងលោក ត្រាំ និងមេដឹកនាំស៊ីរី លោក Ahmed al-Sharaa។

ថ្លែងនៅក្នុងវេទិកាវិនិយោគមួយនៅទីក្រុងរីយ៉ាដ លោក ត្រាំ បានមានប្រសាសន៍ថា «ខ្ញុំនឹងបញ្ជាឲ្យបញ្ឈប់ការដាក់ទណ្ឌកម្មប្រឆាំងនឹងស៊ីរី ដើម្បីផ្តល់ឲ្យពួកគេនូវឱកាសដ៏អស្ចារ្យ... វាជាពេលវេលារបស់ពួកគេដើម្បីបញ្ចេញពន្លឺ»។ មន្ត្រីសេតវិមានបានឲ្យដឹងថា លោក ត្រាំ ក៏បានជួបលោក Sharaa នៅថ្ងៃពុធនេះ ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាអតីតមេបញ្ជាការក្រុមអាល់កៃដា ដែលបានឡើងកាន់អំណាចក្រោយការដួលរលំរបស់លោក Bashar al-Assad។

ការ​ដក​ទណ្ឌកម្ម​ដែល​ធ្លាប់​បាន​កាត់ផ្ដាច់​ស៊ីរី​ពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ពិភពលោក នឹង​បើក​ផ្លូវ​សម្រាប់​ការ​ចូលរួម​កាន់តែ​ទូលំទូលាយ​ពី​អង្គការ​មនុស្សធម៌ និង​សម្រួល​ដល់​ការ​វិនិយោគ​និង​ពាណិជ្ជកម្ម​ពី​បរទេស​សម្រាប់​ការ​កសាង​ប្រទេស​ឡើង​វិញ។ រដ្ឋមន្ត្រីការបរទេស​ស៊ីរី លោក Asaad al-Shibani បាន​ហៅ​ចំណាត់ការ​នេះ​ថា​ជា «ចំណុច​របត់​មួយ» ហើយ​បាន​បញ្ជាក់​ថា ស៊ីរី​ត្រៀម​ខ្លួន​ជំរុញ​ទំនាក់ទំនង​ជាមួយ​អាមេរិក​ដោយ​ឈរ​លើ​ការ​គោរព​គ្នា​ទៅវិញទៅមក។ ប្រធានាធិបតី​លីបង់ លោក Joseph Aoun ក៏​បាន​សាទរ​ចំពោះ «ទង្វើ​ដ៏​ក្លាហាន» នេះ​ផង​ដែរ។

គួរបញ្ជាក់ថា ការផ្លាស់ប្តូរគោលនយោបាយដ៏ធំនេះ អាចនឹងមានការប្រែប្រួលយ៉ាងខ្លាំងដល់ស្ថានភាពភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ា និងកិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញរបស់ប្រទេសស៊ីរី បន្ទាប់ពីសង្គ្រាមរ៉ាំរ៉ៃជាច្រើនឆ្នាំ៕