(រីយ៉ាដ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជួបជាមួយមេដឹកនាំស៊ីរី លោក Ahmed al-Sharaa នៅប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃពុធ ទី១៤ ខែឧសភា ហើយបានជំរុញឲ្យលោកបង្កើតទំនាក់ទំនងធម្មតាជាមួយសត្រូវយូរអង្វែងគឺអ៊ីស្រាអែល។ ការណ៍នេះកើតឡើង បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសដកទណ្ឌកម្មទាំងអស់លើរដ្ឋាភិបាលស៊ីរី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៤ ខែឧសភា ឆ្នាំ២០២៥។
លោក ត្រាំ បានជួបជាមួយលោក Sharaa មុនពេលកិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិក និងបណ្តាប្រទេសឈូងសមុទ្រអារ៉ាប់។ រូបថតដែលផ្សាយដោយទូរទស្សន៍រដ្ឋអារ៉ាប៊ីសាអូឌីត បានបង្ហាញមេដឹកនាំទាំងពីរចាប់ដៃគ្នា ដោយមានវត្តមានព្រះអង្គម្ចាស់រាជទាយាទ Mohammed bin Salman។ ទីភ្នាក់ងារ Anadolu របស់តួកគីយ៉េបានរាយការណ៍ថា ប្រធានាធិបតីតួកគីយ៉េ លោក Tayyip Erdogan ក៏បានចូលរួមតាមអនឡាញដែរ។
អ្នកនាំពាក្យសេតវិមានបានបង្ហោះលើ X ថា លោក ត្រាំ បានជំរុញឲ្យលោក Sharaa ចូលរួមជាមួយអារ៉ាប់រួម បារ៉ែន និងម៉ារ៉ុក ក្នុងការធ្វើឲ្យទំនាក់ទំនងមានភាពប្រក្រតីជាមួយអ៊ីស្រាអែល ក្រោមកិច្ចព្រមព្រៀង Abraham Accords ដែលអាមេរិកជាអ្នកសម្របសម្រួលក្នុងឆ្នាំ ២០២០។ សហរដ្ឋអាមេរិកក៏សង្ឃឹមដែរថា អារ៉ាប៊ីសាអូឌីតនឹងចូលរួម ប៉ុន្តែការពិភាក្សាបានជាប់គាំងក្រោយសង្គ្រាមហ្គាហ្សា ហើយអារ៉ាប៊ីសាអូឌីតទទូចថាមិនអាចមានប្រក្រតីភាពទេបើគ្មានរដ្ឋប៉ាឡេស្ទីន។
ទោះបីជាមានការព្រួយបារម្ភផ្ទៃក្នុងខ្លះក្នុងរដ្ឋបាលរបស់លោក អំពីអតីតកាលរបស់មេដឹកនាំស៊ីរីជាមួយអាល់កៃដាក៏ដោយ លោក ត្រាំ បានប្រកាសកាលពីថ្ងៃអង្គារថា លោកនឹងដកទណ្ឌកម្មលើស៊ីរី។ លោកក៏បានបញ្ជាក់ដែរថា ទីក្រុងវ៉ាស៊ីនតោនកំពុងស្វែងរកការធ្វើឲ្យទំនាក់ទំនងមានភាពធម្មតាឡើងវិញជាមួយរដ្ឋាភិបាលស៊ីរី ដោយចាប់ផ្តើមពីជំនួបនេះជាមួយលោក Sharaa។
គួរបញ្ជាក់ថា ការផ្លាស់ប្តូរគោលនយោបាយយ៉ាងឆាប់រហ័សរបស់សហរដ្ឋអាមេរិកចំពោះស៊ីរី រួមទាំងការដកទណ្ឌកម្ម និងជំនួបកម្រិតខ្ពស់នេះ អាចនឹងមានឥទ្ធពលយ៉ាងខ្លាំងដល់ឌីណាមិកភូមិសាស្ត្រនយោបាយនៅក្នុងតំបន់មជ្ឈិមបូព៌ា៕