(ឡុងដ៍)៖ សហរដ្ឋអាមេរិក និងចិន កាលពីថ្ងៃចន្ទ ទី១២ ខែឧសភា បានឈានដល់បទឈប់បាញ់មួយនៅក្នុងសង្រ្គាមពាណិជ្ជកម្មដែលកំពុងអង្រួនទីផ្សារមូលបត្រ និងសេដ្ឋកិច្ចពិភពលោក។ តាមរយៈបទឈប់បាញ់នេះ អ្នកតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer បាននិយាយថាសហរដ្ឋអាមេរិកនឹងកាត់បន្ថយការយកពន្ធគយគ្នាទៅវិញទៅមក ដោយសហរដ្ឋអាមេរិកនឹងបញ្ចុះការយកពន្ធគយលើទំនិញនាំចូលពីចិន ពី១៤៥ភាគរយ មកនៅត្រឹម៣០ភាគរយ។ ជាការឆ្លើយតបទៅវិញ ចិនយល់ព្រមបញ្ចុះការយកពន្ធគយលើទំនិញនាំចូលពីសហរដ្ឋអាមេរិក ពី១២៥ភាគរយមកនៅត្រឹម១០ភាគរយ។ ការកាត់បន្ថយពន្ធគយទៅវិញទៅមក រវាងចិន និងសហរដ្ឋអាមេរិកបានចូលជាធរមាននៅថ្ងៃពុធ ទី១៤ ខែឧសភា ហើយនឹងមានរយៈពេល៩០ថ្ងៃ។

តាមកាសែត Financial Times ជំនួបដំបូងរវាងក្រុមមន្ត្រីអាមេរិក និងចិនបានធ្វើឡើងជាសម្ងាត់កាលពី៣សប្ដាហ៍មុនមកម្ល៉េះ ដោយរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent ដែលបានចូលរួមកិច្ចប្រជុំរបស់ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ក្នុងទីក្រុងវ៉ាស៊ីនតោន បានជួបរដ្ឋមន្ត្រីហិរញ្ញវត្ថុចិន លោក Lan Fo’an ដើម្បីពិភាក្សាគ្នាអំពីបញ្ហាពាណិជ្ជកម្ម។ ជំនួបដែលមិនត្រូវបានប្រកាសឱ្យដឹងជាសាធារណៈនេះគឺជាជំនួបកម្រិតខ្ពស់ ដំបូងបំផុតរវាងក្រុមមន្ត្រីអាមេរិក និងចិន ចាប់តាំងពីលោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក និងចាប់តាំងពីរូបលោកបានប្រកាសធ្វើសង្រ្គាមពាណិជ្ជកម្មជាមួយចិន។ ក្រសួងហិរញ្ញវត្ថុអាមេរិក បានបដិសេធធ្វើការអត្ថាធិប្បាយលើជំនួបសម្ងាត់នេះ។ រហូតដល់កាលពីចុងសប្ដាហ៍មុន ទើបជំនួបនៅក្នុងទីក្រុងហ្សឺណែវ រវាងលោក Bessent និងឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng សម្រេចបានបទឈប់បាញ់មួយ សម្រាប់សង្រ្គាមពាណិជ្ជកម្មរយៈពេល៩០ថ្ងៃ។ ទាំងចិន និងសហរដ្ឋអាមេរិក សុទ្ធតែអះអាងដូចគ្នាថានឹងមិនញញើតឡើយក្នុងការធ្វើសង្រ្គាមពាណិជ្ជកម្ម តែសម្រេចសម្រួចទៅ ភាគីទាំង២បានឈានដល់ការឯកភាពគ្នាលើ ការបន្ធូរបន្ថយពន្ធគយយ៉ាងងាយស្រួល និងលឿនជាងការរំពឹងទុក។ ប៉ុន្តែមានសំណួរដ៏សំខាន់មួយដែលគេចង់ដឹងពីចម្លើយ នោះគឺថាតើសហរដ្ឋអាមេរិក ឬចិន ដែលជាអ្នកដកថយមុន?

លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ បានប្រកាសពីជ័យជម្នះ ដោយនិយាយថារូបលោកសម្រេចបានការចាប់ផ្ដើមឡើងវិញទាំងស្រុងនៅក្នុងទំនាក់ទំនងពាណិជ្ជកម្មជាមួយចិន។ ក្នុងពេលដំណាលគ្នាដែរ លោក Hu Xijin ជាអតីតនិពន្ធយកកាសែត Global Times របស់គណបក្សកុម្មុយនិស្ដចិនបានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមថាកិច្ចព្រមព្រៀងគឺជាជោជ័យដ៏ធំសម្រាប់ចិន។ សូម្បីតែអ្នកលេងបណ្ដាញទំនាក់ទំនងសង្គមចិនក៏នាំ គ្នានិយាយដែរថា «សហរដ្ឋអាមេរិកចុះញ៉ុមហើយ»។ ក្រុមអ្នកជំនាញសេដ្ឋកិច្ចបានយល់ស្របថាសហរដ្ឋអាមេរិកមានទំនុកចិត្តលើខ្លួនឯងជ្រុលហួសហេតុពេកដោយដំឡើងការយកពន្ធគយលឿនរហ័សពេក និងខ្ពស់ពេក។ «សហរដ្ឋអាមេរិកគឺជាអ្នកដកថយមុន។ លោក ត្រាំ ប្រហែលជាបានគិតថាការដំឡើងពន្ធ នឹងមិនធ្វើឱ្យសហរដ្ឋអាមេរិកខាតបង់នោះទេ ប៉ុន្តែវាមិនដូចជាការគិតរបស់លោកឡើយ»។ នេះជាការយល់ឃើញរបស់លោកស្រី Alicia García-Herrero ជាអ្នកជំនាញសេដ្ឋកិច្ចមកពីធនាគារ Natixis។ លោកស្រីបន្ថែមថាសហរដ្ឋអាមេរិក និងចិនបានអះអាងរៀងៗខ្លួនថាគូប្រជែងរបស់ខ្លួននឹងរងការខាតបង់ធ្ងន់ធ្ងរ ប៉ុន្តែការឯកភាពយ៉ាងតត់ក្រហល់ ក្នុងទីក្រុងហ្សឺណែវ អាចបញ្ជាក់បានថាសង្រ្គាមពាណិជ្ជកម្មបានធ្វើឱ្យភាគីទាំងសងខាងរងរបួសធ្ងន់ដូចគ្នា។ ពោលគឺសង្រ្គាមពាណិជ្ជកម្មបានគំរាមកំហែងដល់ការបាត់បង់ការងាររបស់ពលករចិន និងការកើនឡើងអតិផរណា ក៏ដូចជាការខ្វះខាតទំនិញសម្រាប់ប្រជាជនអាមេរិក។

លោក Craig Singleton មកពី Foundation for Defense of Democracies ជាស្ថាប័នស្រាវជ្រាវមួយមានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន បាននិយាយថាការណ៍ដែលការឯកភាពគ្នាបានកើតឡើងយ៉ាងលឿនរហ័ស វាអាច បង្ហាញបានថាភាគីទាំងសងខាងបានទទួលស្គាល់ថាពួកគេនឹងប្រឈមមុខការខាតបង់ធ្ងន់ធ្ងរដូចគ្នា។ ម្យ៉ាងខណៈប៉េកាំងកំពុងតតាំងជាមួយសហរដ្ឋអាមេរិកក្នុងការប្រយុទ្ធប្រឆាំងនឹងពន្ធគយរបស់លោក ត្រាំ ក្រុមអ្នកចរចាចិននៅតែត្រូវប្រឹងប្រែងបន្ថែមទៀតដើម្បីអាចស៊ីសងគ្នាជាមួយសហរដ្ឋអាមេរិក ពីព្រោះទីក្រុងវ៉ាស៊ីនតោននៅតែរក្សាការយកពន្ធគយលើចិនខ្ពស់ជាងបណ្ដាប្រទេសដទៃ។ ក្រុមហ៊ុន Capital Economics បានធ្វើការគណនាថាពន្ធគយសរុបដែលសហរដ្ឋអាមេរិកអនុវត្តលើចិន អាចនឹងនៅកម្រិត៤០ភាគរយ នៅបន្ទាប់ពីបទឈប់បាញ់ ស្របពេលពន្ធគយរបស់ចិនអនុវត្តលើសហរដ្ឋអាមេរិកអាចនឹងនៅកម្រិត២៥ភាគរយ។

ក្រុមអ្នកជំនាញវិញក៏បានព្រមានដែរថាវាជារឿងដ៏លំបាកសម្រាប់សហរដ្ឋអាមេរិក និងចិន ក្នុងការស្វែងរកឱ្យបាននូវកិច្ចព្រមព្រៀងណាមួយដែលអាចគង់វង្សយូរអង្វែង។ «កិច្ចចរចាពាណិជ្ជកម្មរវាងអាមេរិក និងចិនកំពុង ប្រព្រឹត្តទៅដូចជាការជិះ Roller coaster ដែលឡើងទៅលើយ៉ាងលឿន ហើយចុះមកវិញក៏លឿន។ ទីផ្សារពិភពលោកអាចដកដង្ហើមបានស្រួលបណ្ដោះអាសន្ន ប៉ុន្តែមិនទាន់គេចផុតពីគ្រោះថ្នាក់នោះទេ»។ នេះបើតាមលោក Scott Kennedy ជាអ្នកជំនាញម្នាក់ស្ដីពីចិនមកពីស្ថាប័ន CSIS។ ទោះបីជាសង្រ្គាមពាណិជ្ជកម្មថមថយកម្ដៅក៏ដោយ ក្រុមអ្នកជំនាញសេដ្ឋកិច្ចនៅតែព្រមានថាទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិក និងចិន នៅតែស្ថិតក្នុង ស្ថានភាពលំបាក ជាពិសេសបុគ្គលិកលក្ខណៈប្រែប្រួលបានគ្រប់ពេលវេលារបស់លោក ត្រាំ ត្រូវបានគេរំពឹងថានឹងជំរុញឱ្យចិនបន្តធ្វើពិពិធកម្មទីផ្សារសម្រាប់ការនាំចេញផលិតផលរបស់ខ្លួន និងព្យាយាមជំរុញតម្រូវការ នៅក្នុងស្រុក។

ក្រុមហ៊ុននាំចេញរបស់ចិន ក៏អាចនឹងប្រើប្រាស់រយៈពេល៩០ថ្ងៃ នៃការបន្ធូរបន្ថយពន្ធគយដែលបើកផ្លូវកិច្ចចរចាបន្ថែម ដើម្បីបង្កើនការនាំចូលទំនិញទៅកាន់ទីផ្សារអាមេរិកផងដែរ ដែលនេះអាចនឹងធ្វើឱ្យមានការកើនឡើង អតិរេកពាណិជ្ជកម្មរបស់ចិនជាមួយសហរដ្ឋអាមេរិក។ លោក Fred Neumann ជាប្រធានក្រុមអ្នកសេដ្ឋកិច្ចប្រចាំតំបន់អាស៊ីមកពីធនាគារ HSBC បាននិយាយថា «វានៅតែមានភាពមិនប្រាកដប្រជាជាច្រើនដែលកំពុងត្រូវបានចាក់បញ្ចូលទៅក្នុងគោលនយោបាយពាណិជ្ជកម្មអាមេរិក ហើយនេះមានន័យថាចិន រួមទាំងបណ្ដាប្រទេសដទៃទៀតនឹងបន្តស្វែងរកការធ្វើពិពិធកម្មពាណិជ្ជកម្មរបស់ពួកគេ ចេញពីឆ្ងាយពីសហរដ្ឋអាមេរិក»៕