(ម៉ានីល)៖ អាល្លឺម៉ង់ និងហ្វីលីពីន បានឯកភាពគ្នាលើការពង្រឹងទំនាក់ទំនងយោធា និងជំរុញការធ្វើសកម្មភាពរួមគ្នា ខណៈទីក្រុងម៉ានីលកំពុងស្វះស្វែងបង្កើតសម្ព័ន្ធភាពជាមួយបណ្ដាប្រទេសលោកខាងលិច ដើម្បីពង្រឹងគោលជំហររបស់ខ្លួន នៅក្នុងជម្លោះទឹកដីជាមួយចិន នៅតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រសួងការពារជាតិហ្វីលីពីន បានប្រកាសឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភាថារដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Gilberto Teodoro និងសមភាគីអាល្លឺម៉ង់របស់លោក គឺលោក Boris Pistorius បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយស្ដីពីកិច្ចសហប្រតិបត្តិការយោធា ក្នុងទីក្រុងបែរឡាំង កាលពីថ្ងៃពុធ ទី១៤ ខែឧសភា ជាមួយការឯកភាពគ្នាលើការពង្រីកកិច្ចសហប្រតិបត្តិការក្នុងនោះរួមមាន សន្តិសុខសាយប័រ សព្វាវុធ និង logistics ព្រមទាំងថែរក្សាសន្តិភាពក្រោមក្របខណ្ឌអង្គការសហប្រជាជាតិ។ កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក Pistorius ទៅកាន់ ទីក្រុងម៉ានីល កាលពីឆ្នាំ២០២៤ ជាទីដែលរូបលោក និងលោក Teodoro ប្ដេជ្ញាជំរុញទំនាក់ទំនងយូរអង្វែងរវាងយោធានៃប្រទេសទាំង២។
គួរបញ្ជាក់ថា ក្រៅពីអាល្លឺម៉ង់ ហ្វីលីពីនបានចុះកិច្ចព្រមព្រៀងយោធាជាមួយជប៉ុន និងនូវែលសេឡង់ ខណៈកិច្ចព្រមព្រៀងស្រដៀងគ្នានេះជាមួយកាណាដា ត្រូវបានរំពឹងថានឹងត្រូវបានចុះហត្ថលេខា ក្នុងពេល ឆាប់ៗ។ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr ក៏បានយល់ព្រមផងដែរក្នុងការចាប់ផ្ដើមកិច្ចចរចាជាមួយបារាំង សម្រាប់កិច្ចព្រមព្រៀងទស្សនកិច្ចយោធា៕