(វ៉ាស៉ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា សមាជិកណាតូ (NATO) គ្រោងឯកភាពលើគោលដៅចំណាយ ៥ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) នៃវិស័យការពារជាតិ នៅក្នុងកិច្ចប្រជុំកំពូលនាខែមិថុនាខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ ២០២៥។

លោក Rubio បញ្ជាក់ថា «ខ្ញុំអាចនិយាយបានថា យើងនឹងដឹកនាំកិច្ចប្រជុំកំពូលមួយ ក្នុងរយៈពេល ៦សប្តាហ៍ខាងមុខ ដែលស្ទើរតែគ្រប់សមាជិកណាតូ មានការចំណាយផ្នែកការពារជាតិនៅកម្រិត ឬលើសពី ២ភាគរយ និងភាគច្រើនមានលើសពី ៤ភាគរយ ហើយសមាជិកទាំងអស់នឹងព្រមព្រៀងលើគោលដៅឈានដល់ ៥ភាគរយក្នុងទសវត្សរ៍ក្រោយ»

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានកាត់បន្ថយមូលនិធិការពារជាតិ សម្រាប់អង្គការណាតូ នៅចុងអាណត្តិទី ១របស់លោក ហើយតែងត្អូញត្អែរជាញឹកញាប់ថា សហរដ្ឋអាមេរិកចំណាយលុយច្រើនជាងគេ៕