(សេអ៊ូល)៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol នៅថ្ងៃសៅរ៍ ទី១៧ ខែឧសភា បានប្រកាសពីការសម្រេចចិត្តដើរចេញពីគណបក្សអំណាចប្រជាជន (PPP) ដែលជាបក្សអភិរក្សនិយមមួយនៅកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការប្រកាសខាងលើរបស់លោក Yoon ធ្វើឡើងក្នុងសារមួយបង្ហោះលើ Facebook និងកើតមានឡើងចំពេលបេក្ខជនប្រធានាធិបតីមកពីគណបក្ស PPP កំពុងមានពិន្ទុដេញតាមពីក្រោយ បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ គឺលោក Lee Jae-myung ក្នុងការស្ទង់មតិ មុនការបោះឆ្នោតប្រធានាធិបតីមុនអាណត្តិនៅថ្ងៃទី៣ ខែមិថុនាខាងមុខ។ បើតាមការស្ទង់មតិ ចេញផ្សាយដោយស្ថាប័ន Gallup Korea កាលពីថ្ងៃសុក្រសប្ដាហ៍នេះ អ្នកដែលត្រូវបានសម្ភាសន៍ មាន២៩ភាគរយគាំទ្របេក្ខជនប្រធានាធិបតីនៃគណបក្ស PPP គឺលោក Kim Moon-soo ធៀបទៅនឹង ៥១ភាគរយដែលគំាទ្រលោក Lee។

លោក Yoon ត្រូវបានតុលាការធម្មនុញ្ញទម្លាក់ចេញពីតំណែងជុំវិញការប្រកាសប្រើច្បាស់អាជ្ញាសឹកកាលពីខែធ្នូ ឆ្នាំមុន ជាហេតុជំរុញឱ្យមានការរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី មុនអាណត្តិ។ ក្រោយអស់អំណាច លោក Yoon ត្រូវបានសមាជិកបក្សអំពាវនាវឱ្យរូបលោកចាកចេញពីគណបក្ស ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងប្រមូលផ្ដុំការគំាទ្រពីអ្នកបោះឆ្នោតទូទៅដែលមាន ទស្សនអវិជ្ជមានចំពោះរូបលោក។ «ខ្ញុំបានសម្រេចចិត្តចាកចេញពីគណ​បក្សអំណាចប្រជាជន ដើម្បីបំពេញតាមការទទួលខុសត្រូវរបស់ខ្ញុំ ក្នុងការការពារសាធាណរដ្ឋកូរ៉េ... សូមផ្ដល់ការគាំទ្ររបស់ អ្នកទៅឱ្យលោក Kim Moon-soo»។ ជាការបង្ហោះសាររបស់លោក Yoon នៅលើ Facebook។

គួរបញ្ជាក់ថា លោក Lee Jae-myung និងលោក Kim Moon-soo គ្រោងនឹងតទល់គ្នាក្នុងការជែកដេញដោលតាមកញ្ចក់ទូរទស្សន៍ជាលើកដំបូងនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ​៕