(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យ និងដឹកនាំការធ្វើសមយុទ្ធរបស់កងទ័ពអាកាសកូរ៉េខាងជើង ហើយបានគូសបញ្ជាក់ពីភាពចាំបាច់ចំពោះការពង្រឹងការត្រៀមលក្ខណៈ សម្រាប់សង្រ្គាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក គីម ដែលបានចុះត្រួតពិនិត្យដោយផ្ទាល់ការធ្វើសមយុទ្ធប្រឆាំងយន្ដហោះចម្បាំង និងការវាយប្រហារតាមផ្លូវអាកាសធ្វើឡើងដោយកងពលទ័ពអាកាសទី១របស់កូរ៉េខាងជើង កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានអំពាវនាវឱ្យគ្រប់អង្គភាពយោធាទាំងអស់សម្រេចឱ្យបាននូវការត្រៀមលក្ខណៈសម្រាប់សង្រ្គាម។ វីដេអូមួយចេញផ្សាយដោយទូរទស្សន៍រដ្ឋកូរ៉េខាងជើង បានបង្ហាញពីសកម្មភាពយន្ដហោះចម្បាំង MiG-29 បាញ់មីស៊ីលដែលទំនងជាប្រភេទមីស៊ីលស៊េរីថ្មីដែលកូរ៉េខាងជើងអភិវឌ្ឍបន្ថែមចេញពីមីស៊ីលរយៈចម្ងាយឆ្ងាយផលិតដោយរុស្ស៉ីសម្រាប់បំពាក់លើយន្ដហោះចម្បាំង។
គួរបញ្ជាក់ថា មកទល់នឹងខែឧសភានេះ លោក គីម ជុងអ៊ុន បានដឹកនាំការធ្វើសមយុទ្ធបាញ់មីស៊ីល ក៏ដូចជាចុះត្រួតពិនិត្យរោងចក្រផលិតរថក្រោះ និងគ្រាប់រំសេវ ព្រមទាំងដឹកនាំការធ្វើតេស្ដបាញ់របស់រថក្រោះ និងការបណ្ដុះបណ្ដាលកងកម្ម៉ង់ដូរពិសេស។ លោក គីម ក៏បានធ្វើដំណើរទស្សនកិច្ចដ៏កម្រមួយទៅកាន់ស្ថានទូតរុស្ស៉ីប្រចាំទីក្រុងព្យុងយ៉ាង ដើម្បីបញ្ជាក់ឡើងវិញទំនាក់ទំនងរបស់កូរ៉េខាងជើងជាមួយរុស្ស៉ី ផងដែរ៕