(កៀវ)៖ ប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវរកការដាក់ទណ្ឌកម្មកាន់តែខ្លាំងលើទីក្រុងមូស្គូ បន្ទាប់ពីយន្តហោះដ្រូនរបស់រុស្ស៉ីផ្តាច់ជីវិតមនុស្ស ៩នាក់ នៅឯភាគឦសានអ៊ុយក្រែន និងត្រឹមតែប៉ុន្មានម៉ោងក្រោយប្រទេសទាំងពីរធ្វេីការចរចាសន្តិភាព។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ ២០២៥។
ជំនួបរវាងមន្ត្រីរុស្ស៉ី និងអ៊ុយក្រែន នៅតួកគីយ៉េ កាលពីថ្ងៃសុក្រ បានបរាជ័យក្នុងការសម្របសម្រួលបទឈប់បាញ់បណ្ដោះអាសន្ន។ វាគឺជាកិច្ចសន្ទនាដោយផ្ទាល់លើកដំបូងរវាងភាគីទាំងពីរ ចាប់តាំងពីសង្គ្រាមឈ្លានពានរបស់រុស្ស៉ីផ្ទុះឡេីងក្នុងខែកុម្ភៈ ឆ្នាំ ២០២២។
និយាយដល់ការវាយប្រហារដោយដ្រូននៅក្នុងតំបន់ Sumy លោក ហ្សេលេនស្គី ថាអ្នកស្លាប់ទាំងអស់គឺជាជនស៉ីវិលហើយថារុស្ស៉ីមិនមែនមិនស្គាល់អាវុធដែលពួកគេកំពុងដេីម្បីកំណត់គោលដៅនោះទេ ដូចច្នេះវាគឺជាការសម្លាប់ជនស៉ីវិលដោយចេតនា។ លោក ហ្សេលេនស្គី បានអំពាវនាវយ៉ាងដូច្នេះថា «បើគ្មានទណ្ឌកម្មតឹងរ៉ឹងជាងមុន បើគ្មានសម្ពាធខ្លាំងទេ រុស្ស៉ីនឹងមិនស្វែងរកដំណោះស្រាយតាមរយៈការទូតពិតប្រាកដឡេីយ»។
នៅរដ្ឋធានី Islamabad របស់ប៉ាគីស្ថាន នាថ្ងៃសៅរ៍នេះ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Lammy បានចោទប្រកាន់ទីក្រុងមូស្គូថាច្របូកច្របល់ បន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងអ៉ីស្តង់ប៊ុល ក្នុងរយៈពេលតិចជាងពីរម៉ោង។
ក្នុងសន្និសីទសារព័ត៌មានរួមជាមួយនាយករដ្ឋមន្រ្តីប្រទេសអាល់បានី ប្រធានាធិបតីបារាំង លោក Emmanuel Macron បានចោទជាសំនួរថា «តើយើងសម្រេចបានអ្វីខ្លះ? គឺគ្មានទេ។ ខ្ញុំថាលោកប្រធានាធិបតី ត្រាំ ដែលគិតពីមុខមាត់អាមេរិក នឹងមានប្រតិកម្មជាក់ជាមិនខាន»៕