(តូក្យូ)៖ នៅថ្ងៃចន្ទ ទី១៩ ខែមករា រដ្ឋមន្រ្តីកសិកម្មនៃប្រទេសជប៉ុន លោក Taku Eto បានសុំទោសជាសាធារណៈ បន្ទាប់ពីបាននិយាយថា រូបលោកមិនដែលមានភាពចាំបាច់ត្រូវទិញអង្ករនោះទេ ដោយសារអំណោយពីក្រុមអ្នកគាំទ្រ ជាហេតុនាំឱ្យមានការខឹងសម្បារជាខ្លាំងក្នុងចំណោមប្រជាជន ដែលកំពុងត្រូវប្រឈមមុខជាមួយការឡើងថ្លៃខ្ពស់ នៃតម្លៃស្បៀងអាហារដ៏សំខាន់នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
បន្ទាប់ពីសារព័ត៌មាន Kyodo News បានរាយការណ៍ដំបូងអំពីពាក្យសម្តីរបស់លោក Eto ដែលធ្វើឡើងអឡុងកម្មវិធីរៃអង្គាសប្រាក់សម្រាប់បក្ស កាលពីថ្ងៃអាទិត្យកន្លងទៅ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដទៃទៀត ក៏បាននាំគ្នាចុះផ្សាយព្រោងព្រាតដូចគ្នា រួចហើយក៏បណ្តាលឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមនៅក្នុងប្រទេសជប៉ុន បញ្ចេញប្រតិកម្មមិនពេញចិត្តជាខ្លាំង។ ក្នុងនោះអ្នកបញ្ចេញមតិមួយ បានសរសេរថា «អ្នកឯងចប់ហើយ ចូរប្រញាប់ដាក់ពាក្យលាលែងពីតំណែងទៅ»។
ឆ្លើយតបសំណួររបស់អ្នកកាសែតនាថ្ងៃចន្ទនេះ លោក Eto បានសុំទោសចំពោះសម្តីលើសលស់កាលពីថ្ងៃអាទិត្យរបស់លោក ដោយអះអាងថា រូបលោកបាននិយាយខុស និងប្រហែលជាលើកឡើងហួសពីការពិត ដើម្បីបំពេញចិត្តភ្ញៀវចូលរួមកម្មវិធីនាពេលនោះ។ យ៉ាងណាមិញ លោករដ្ឋមន្រ្តីបានគេចមិនឆ្លើយសំណួរថា តើលោកមានបំណងចុះចេញពីតំណែងដែរឬក៏អត់។
ប្រតិកម្មរបស់សាធារណជនចំពោះសម្តីរបស់លោក Eto ឆ្លុះបញ្ចាំងឱ្យឃើញពីទំហំនៃបញ្ហាស្រូវអង្ករ ដែលបានប្រែក្លាយជាប្រធានបទក្តៅសម្រាប់អ្នកបោះឆ្នោត និងជាសញ្ញាមិនល្អនោះឡើយ សម្រាប់គណបក្សកាន់អំណាច Liberal Democratic Party របស់នាយករដ្ឋមន្រ្តី Shigeru Ishiba មុនការបោះឆ្នោតព្រឹទ្ធសភា នាខែកក្កដាខាងមុខ។ ការស្ទង់មតិមួយរបស់ Kyodo News កាលពីថ្ងៃអាទិត្យ បានបង្ហាញថា ការគាំទ្រសម្រាប់លោក Ishiba ស្ថិតនៅកម្រិតដ៏ទាបបំផុតមួយ គឺត្រឹម២៧.៤ភាគរយ ដោយ៩នាក់ក្នុងចំណោម១០នាក់ មិនពេញចិត្តទាល់តែសោះ ជុំវិញការឆ្លើយតបរបស់រដ្ឋាភិបាល ចំពោះការកើនឡើងខ្ពស់នៃតម្លៃអង្ករ។
គួរបញ្ជាក់ថា តម្លៃអង្ករលក់នៅតាមទីផ្សារក្នុងប្រទេសជប៉ុន បានកើនប្រមាណទ្វេដង ធៀបនឹងរយៈពេលមួយឆ្នាំមុន បន្ទាប់ពីអាកាសធាតុក្តៅខ្លាំង បានប៉ះពាល់ដល់ទិន្នផល ហើយការកើនឡើងនៃសន្ទុះទេសចរណ៍ បានជំរុញឱ្យតម្រូវការកើនឡើង។ រដ្ឋាភិបាលជប៉ុន បានបញ្ចេញអង្ករពីឃ្លាំងស្តុកសម្រាប់គ្រាអាសន្នរបស់ខ្លួន ចាប់តាំងពីខែមីនាមក ដើម្បីព្យាយាមទម្លាក់តម្លៃចុះមកវិញ ប៉ុន្តែហាក់មិនមានប្រសិទ្ធភាព៕