(ហ្សាកាតា)៖ ក្រុមមន្ត្រីឥណ្ឌូណេស៉ី បានឱ្យដឹងថា ការរអិលបាក់ដីនៅអណ្តូងរ៉ែមាសមួយ ក្នុងតំបន់ Papua ភាគខាងកើតបំផុតនៃប្រទេស បានសម្លាប់កម្មករ ៦នាក់ និងរបួស ៤នាក់ ខណៈភ្លៀងធ្លាក់ខ្លាំង បង្ខំឱ្យដំណើរការស្វែងរកអ្នកបាត់ខ្លួន ១៤នាក់ ត្រូវផ្អាកបណ្តោះអាសន្ន នៅថ្ងៃចន្ទ ទី១៩ ខែឧសភានេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមអ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយឥណ្ឌូណេស៉ី លោក Abdul Muhari ភ្លៀងបានបង្កឱ្យមានការរអិលបាក់ដី កាលពីថ្ងៃសុក្រសប្តាហ៍មុន និងធ្វើឱ្យបាក់អណ្តូងរ៉ែតូចមួយ ដែលដំណើរការដោយអ្នកស្រុក នៅតំបន់ភ្នំ Arfak នៃខេត្ត West Papua។

ប្រធានក្រុមជួយសង្គ្រោះ លោក Yefri Sabaruddin និយាយថា កិច្ចខិតខំប្រឹងប្រែងស្វែងរក ត្រូវរារាំងដោយសារតែផ្លូវខូច ស្ថានភាពផ្លូវភ្នំ ព្រមទាំងអាកាសធាតុអាក្រក់។ ក្រុមអ្នកជួយសង្គ្រោះចំនួន ៤០នាក់ រួមទាំងមន្ត្រីប៉ូលិស និងយោធា បានរកឃើញសាកសពមនុស្ស ៦នាក់។

គ្រោះមហន្តរាយ​នេះ បាន​លេប​ត្របាក់​ជម្រក​បណ្ដោះអាសន្នរបស់កម្មករ​រ៉ែ។ អាជ្ញាធរ​ នឹង​បន្តការស្វែងអ្នកបាត់ខ្លួន ១៤នាក់ ​​នៅ​ថ្ងៃ​អង្គារស្អែក​។ តាមលោក​ Sabaruddin ការ​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​កើតហេតុ ត្រូវចំណាយពេល ១២ម៉ោង​ពី​ក្រុង​ដែលនៅជិត​បំផុត៕