(ហ្សឺណែវ)៖ កាលពីថ្ងៃចន្ទ ទី១៩ ខែឧសភា បណ្តារដ្ឋដែលជាសមាជិកនៅក្នុងអង្គការសុខភាពពិភពលោក WHO បានបដិសេធសំណើអញ្ជើញតៃវ៉ាន់ ឱ្យចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់ខ្លួន នៅទីក្រុងហ្សឺណែវ បន្ទាប់ពីចិនបានសម្តែងការជំទាស់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ប្រទេសដែនកោះ បេលី (Belize) ព្រមទាំងសាំងវីនសិននិងគ្រីណាឌីន (Saint Vincent and the Grenadines) ដែលស្ថិតក្នុងចំណោមប្រទេសសរុបត្រឹម១២ប៉ុណ្ណោះ ដែលបន្តមានទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ បានធ្វើជាតំណាងនៃក្រុមប្រទេសមួយចំនួនតូច ដែលបានផ្តួចផ្តើមសំណើចង់ឱ្យកោះតៃវ៉ាន់ បានចូលរួមជាអ្នកអង្កេតការណ៍ ក្នុងមហាសន្និបាត WHO ឆ្នាំនេះ។ សាំងវីនសិនបាននិយាយថា ការមិនរាប់បញ្ចូលតៃវ៉ាន់ គឺជាទង្វើយុត្តិធម៌ ខណៈបេលីបាននិយាយថា វាធ្វើឱ្យប៉ះពាល់សមត្ថភាពត្រៀមលក្ខណៈ និងឆ្លើយតបរួម។
មិនមានប្រទេសលោកខាងលិចធំណាមួយឡើយ ដែលចេញមុខនិយាយគាំទ្រតៃវ៉ាន់ ឬក៏ចុះហត្ថលេខាលើសំណើនោះ ហើយសហរដ្ឋអាមេរិក ដែលគ្រោងចាកចេញពី WHO បានទុកកៅអីខ្លួនឱ្យនៅទំនេរ។ ដោយឡែក ចិនដែលចាត់ទុកកោះតៃវ៉ាន់ ជាផ្នែកនៃទឹកដីរបស់ខ្លួន ព្រមទាំងប៉ាគីស្ថាន បានបង្ហាញសំឡេងជំទាស់សំណើខាងលើ ជាហេតុនាំឱ្យ WHO សម្រេចជ្រើសរើសមិនអញ្ជើញតៃវ៉ាន់។
គួរបញ្ជាក់ថា កាលពីចន្លោះឆ្នាំ២០០៩ ដល់ឆ្នាំ២០១៦ តៃវ៉ាន់ធ្លាប់បានចូលរួមក្នុងមហាសន្និបាត WHO ក្នុងនាមជាអ្នកអង្កេតការណ៍ ក្រោមរដ្ឋបាលអតីតមេដឹកនាំ លោក Ma Ying-jeou ដែលបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មនិងទេសចរណ៍ដ៏សំខាន់មួយ ជាមួយចិន។ សំណួរស្តីពីការចូលរួមរបស់តៃវ៉ាន់ ក្នុងមហាសន្និបាត UN តែងតែលេចឡើង ជារៀងរាល់ឆ្នាំ។ ដែនកោះនេះ ត្រូវបានផាត់ចេញពីការចូលរួមក្នុងអង្គការអន្តរជាតិភាគច្រើន ដោយសារតែការជំទាស់ពីចិន៕