(កៀវ)៖ កាលពីថ្ងៃចន្ទ ទី១៩ ខែឧសភា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា ទីក្រុងកៀវនិងបណ្តាដៃគូរបស់ខ្លួន កំពុងពិចារណារៀបចំឱ្យមាន កិច្ចប្រជុំកម្រិតខ្ពស់រវាងអ៊ុយក្រែន រុស្ស៉ី សហរដ្ឋអាមេរិក សហភាពអឺរ៉ុប (EU) និងចក្រភពអង់គ្លេស ដើម្បីជាផ្នែកនៃកិច្ចប្រឹងប្រែងជំរុញឱ្យសង្រ្គាមនៅអ៊ុយក្រែន អាចរកទីបញ្ចប់ឃើញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងកៀវ ក្រោយនិយាយទូរសព្ទ២លើក ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លោក ហ្សេលេនស្គី បាននិយាយថា រូបលោកសង្ឃឹមថា កិច្ចប្រជុំដូចខាងលើនឹងកើតឡើងក្នុងពេលឆាប់ៗតាមតែអាចទៅរួច ហើយវាអាចត្រូវរៀបចំធ្វើនៅតួកគីយ៉េ បុរីវ៉ាទីកង់ ឬមួយក៏ស្វ៉ីស។ កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រុមមន្រ្តីអ៊ុយក្រែននិងរុស្ស៉ី បានជួបចរចាគ្នាដោយផ្ទាល់ជាលើកដំបូង គិតចាប់តាំងពីខែមីនា ឆ្នាំ២០២២ ក៏ប៉ុន្តែកិច្ចពិភាក្សានោះ បានរំលេចឱ្យឃើញអំពីគម្លាតដ៏ឆ្ងាយក្នុងចក្ខុវិស័យរបស់ភាគីទាំងពីរ ដើម្បីបញ្ចប់សង្រ្គាម ដែលឥឡូវឈានចូលឆ្នាំទី៤ហើយ។
គួរបញ្ជាក់ថា បើតាមលោក ហ្សេលេនស្គី កាលពីថ្ងៃចន្ទ គឺលោកបាននិយាយទូរសព្ទមួយទល់មួយជាមួយ លោក ត្រាំ មុនពេលលោកប្រធានាធិបតីអាមេរិក និយាយទូរស័ព្ទជាមួយ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ហើយបន្ទាប់មកបាននិយាយគ្នាម្តងទៀត ជាមួយលោក ត្រាំ ក្នុងកិច្ចសន្ទនាមួយ ដែលមានការចូលរួមពីមេដឹកនាំបារាំង ហ្វាំងឡង់ អាល្លឺម៉ង់ អ៉ីតាលី និងសហភាពអឺរ៉ុប ផងដែរ។ លោក ត្រាំ បាននិយាយថា ក្រោយកិច្ចសន្ទនាជាមួយលោក ពូទីន រុស្ស៉ីនិងអ៊ុយក្រែន បានយល់ព្រមចាប់ផ្តើមដំណើរការចរចាភ្លាមៗ ដើម្បីឆ្ពោះទៅរកបទឈប់បាញ់៕