(ញូវដែលី)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកឥណ្ឌា ដោយផ្អែកលើប្រភពពីប៉ូលិស បានរាយការណ៍កាលពីថ្ងៃចន្ទ ទី១៩ ខែឧសភា ថា អាជ្ញាធរឥណ្ឌាបានចាប់ខ្លួនមនុស្សសរុបចំនួន ១១នាក់ ក្រោមការចោទប្រកាន់លួចធ្វើចារកម្មឱ្យប៉ាគីស្ថាន បន្ទាប់ពីប្រទេសជិតខាងទាំងពីរ ទើបតែផ្ទុះអាវុធដាក់គ្នាក្នុងជម្លោះដ៏អាក្រក់បំផុតមួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា NDTV និង India Today បានរាយការណ៍ថា អាជ្ញាធរឥណ្ឌា បានឃាត់ខ្លួនជនសង្ស័យទាំង១១នាក់ នៅបណ្តារដ្ឋភាគខាងជើងប្រទេស រួមមាន Haryana, Punjab និង Uttar Pradesh ហើយអ្នកដែលត្រូវបានចាប់ខ្លួនទាំងនោះ គឺរួមមានទាំងអ្នកធ្វើវីដេអូដើរកម្សាន្ត និស្សិត អ្នកយាមសន្តិសុខ និងអ្នកជំនួញ ជាដើម។ ការចាប់ខ្លួននេះកើតមានឡើង បន្ទាប់ពីការផ្ទុះហិង្សា​ដ៏អាក្រក់បំផុតមួយរវាងសត្រូវចាស់ទាំងពីរ ដែលសុទ្ធតែមានអាវុធនុយក្លេអ៊ែរដូចគ្នា។

គួរបញ្ជាក់ថា មនុស្សយ៉ាងហោច៦០នាក់ បានស្លាប់ក្នុងការប្រយុទ្ធគ្នាដ៏ក្តៅគគុក ក្នុងខែឧសភានេះ ដែលផ្តើមចេញពីករណីបាញ់រះ កាលពីថ្ងៃទី២២ ខែមេសា សម្លាប់អ្នកទេសចរ២៦នាក់ នៅតំបន់ Kashmir ប៉ែកគ្រប់គ្រងដោយឥណ្ឌា។ ទីក្រុងញូវដែលីបានចោទប្រកាន់ថា ប៉ាគីស្ថានមានជាប់ពាក់ព័ន្ធក្នុងករណីនោះ បើទោះបីជាទីក្រុងអ៉ីស្លាម៉ាបាដ បានបដិសេធក៏ដោយ។ តំបន់ Kashmir ដែលមាន​ជនមូស្លីមរស់នៅភាគច្រើន ត្រូវបានទាមទារកាន់កាប់ទាំងស្រុងដោយប្រទេសទាំងពីរ ដែលធ្លាប់ធ្វើសង្រ្គាមនឹងគ្នាប៉ុន្មានលើក ចាប់តាំងពីទទួលបានឯករាជ្យពីចក្រភពអង់គ្លេស កាលពីឆ្នាំ១៩៤៧។ ក្រោយប្រយុទ្ធគ្នាអស់៤ថ្ងៃ ដោយប្រើកាំភ្លើងធំ យន្តហោះដ្រូន និងមីស៉ីល ដែលបង្កឱ្យមានការភ័យព្រួយខ្លាំង អំពីការផ្ទុះឡើងជាសង្រ្គាមពេញទំហឹង ឥណ្ឌានិងប៉ាគីស្ថានក៏ឈានដល់​បទឈប់បាញ់ ក្រោមការជួយសម្រុះសម្រួលពីសហរដ្ឋអាមេរិក៕