(វ៉ាស៊ីនតោន)៖ សមរភូមិប្រយុទ្ធថ្មីមួយនៅក្នុងសង្រ្គាមអ៊ុយក្រែន បាន និងកំពុងលេចចេញជារូបរាង ហើយវាក៏មិនមែនជាការប្រយុទ្ធគ្នានៅលើផ្ទៃអាកាសនៃទីក្រុងកៀវ ឬក៏សមរភូមិនៅភាគខាងកើត អ៊ុយក្រែននោះដែរ។ ប៉ុន្តែសមរភូមិប្រយុទ្ធថ្មីពិតប្រាកដនៅពេលនេះ នោះគឺសមរភូមិយកចិត្តថ្លើមប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រវាងភាគីសង្រ្គាមទាំង២ និងសម្ព័ន្ធមិត្តរបស់ពួកគេ ចំពេលដែលលោក ត្រាំហាក់ដូចជាបង្ហាញការខកចិត្តកាន់តែខ្លាំងចំពោះកិច្ចប្រឹងប្រែងស្វែងរកសន្តិភាពបញ្ចប់សង្រ្គាមអ៊ុយក្រែន។
ទាំងទីក្រុងមូស្គូ និងទីក្រុងកៀវសុទ្ធតែកំពុងព្យាយាមបង្ហាញឱ្យគេឃើញថាតើនរណាចង់បានសន្តិភាព និងថាតើនរណាជាឧបសគ្គពិតបា្រកដរារាំងដល់កិច្ចប្រឹងប្រែងស្វែងរកសន្តិភាព ដោយសង្ឃឹមថា អាចនឹងជំរុញឱ្យលោក ត្រាំ ផ្លាស់ប្ដូរគំនិតយ៉ាងហោចក្នុងរយៈពេលខ្លីណាមួយដែលផ្ដល់ផលប្រយោជន៍ដល់ពួកគេ។ កាលពីខែមេសា នៅបន្ទាប់ពីជួបសន្ទនាដោយផ្ទាល់ជាមួយលោក ហ្សេលេនស្គី អំឡុងចូលរួមព្រះរាជពិធីបុណ្យសពរបស់សម្ដេចប៉ាប ហ្វ្រង់ស៊ីស លោក ត្រាំ បានធ្វើការរិះគន់ដ៏កម្រមួយចំពោះលោក ពូទីន ជាមួយការថ្កោលទោសមេដឹកនាំរុស្ស៉ីរូបនេះសម្រាប់ការវាយប្រហារដោយ ការបាញ់មីស៊ីលលើទីក្រុងកៀវ។ នៅពេលនោះដែរ លោក ត្រាំបានព្រលយថារូបលោកមិនអាចនិយាយបានថាតើលោក ពូទីន ពិតជាមានភាពប្រាកដប្រជាចំពោះការបិទបញ្ចប់សង្រ្គាម ឬក៏យ៉ាងណា នោះទេ? ហើយលោកថែមទាំងគំរាមដាក់ទណ្ឌកម្មប្រឆាំងរុស្ស៉ីទៀតផង។ ពាក្យសម្ដីទាំងនេះបានធ្វើឱ្យមេដឹកនាំអឺរ៉ុប និងលោក ហ្សេលេនស្គីធូរទ្រូងបានបន្តិច។ ប៉ុន្តែភាពធូរស្រាលនេះ បានរលាយបាត់ទៅវិញក្រោយកិច្ចសន្ទនាតាមទូរស័ព្ទរបស់លោក ត្រាំ ជាមួយលោក ពូទីន កាលពីថ្ងៃចន្ទ។
លោក ត្រាំ និងលោក ពូទីនត្រូវបានគេមើលឃើញរួចហើយថាមានការយល់ឃើញដូចគ្នាថាមានតែរូបលោកទាំង២ទេដែលមានសមត្ថភាពបិទបញ្ចប់សង្រ្គាម ហើយអឺរ៉ុប និងអ៊ុយក្រែនត្រូវតែធ្វើតាម នូវអ្វីដែលអ្នកទាំង២បង្គាប់ ឬប្រាប់ឱ្យធ្វើ។ លើសពីនេះ កិច្ចចរចាដោយផ្ទាល់ជាលើកដំបូងចាប់តាំងពីខែមីនា ឆ្នាំ២០២២ រវាងទីក្រុងមូស្គូ និងទីក្រុងកៀវ នៅក្នុងទីក្រុង Istanbul ប្រទេសតួកគីយ៉េ កាលពីសប្ដាហ៍មុន ក៏បានគូសបញ្ជាក់ផងដែរពីចំណាប់រម្មណ៍របស់លោក ត្រាំ លើកិច្ចព្រមព្រៀងមួយ ដោយលោកបញ្ចូលខ្លួនឯងទៅក្នុងកិច្ចប្រឹងប្រែងសន្តិភាពឡើងវិញ និងអំពាវនាវដោយផ្ទាល់ឱ្យ លោក ពូទីន ចូលក្នុងកិច្ចប្រឹងប្រែងមួយនេះដែរដែលរូបលោកកាលពីពេលថ្មីៗបានគំរាមដកខ្លួនចេញ។ សម្រាប់អ៊ុយក្រែន អ្វីដែលលោក ហ្សេលេនស្គីខ្លាចបំផុត នោះគឺលោក ត្រាំ ត្រូវរ៉ូវគ្នាជាមួយ លោក ពូទីន លើកិច្ចព្រមព្រៀងសន្តិភាពដោយមិនខ្វល់ ឬមិនចំាបាច់មានអ៊ុយក្រែន។
លោក ហ្សេលេនស្គី កាលពីថ្ងៃចន្ទ បានស្នើឱ្យលោក ដូណាល់ ត្រាំកុំធ្វើការសម្រេចចិត្តណាមួយអំពីអ៊ុយក្រែន ដោយមិនមានអ៊ុយក្រែនចូលរួម នៅមុនកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក ត្រាំ និងលោក ពូទីនចាប់ផ្ដើម។ «ខ្ញុំបានស្នើសុំគាត់ ( លោក ត្រាំ) កុំធ្វើការសម្រេចចិត្តណាមួយពីអ៊ុយក្រែនដោយមិនមានពួកយើងចូលរួម នៅមុនកិច្ចសន្ទនារបស់គាត់ជាមួយលោក ពូទីន»។ នេះជាការបញ្ជាក់ របស់លោក ហ្សេលេនស្គីប្រាប់អ្នកសារព័ត៌មាន។ អ្វីដែលលោក ហ្សេលេនស្គីកាន់តែខ្លាចទៅទៀតនោះ គឺថាលោក ត្រាំ ដើម្បីសម្រេចឱ្យបានកិច្ចព្រមព្រៀង លោកអាចនឹងយល់ព្រមតាមលក្ខខណ្ឌ មួយចំនួនរបស់លោក ពូទីន ហើយងាកមកដាក់សម្ពាធ និងគំរាមកាត់ផ្ដាច់ជំនួយយោធាសម្រាប់អ៊ុយក្រែនសាជាថ្មី។
តាមក្រុមអ្នកវិភាគលោកខាងលិច ពិតណាស់លោក ត្រាំ មានឥទ្ធិពលលើរុស្ស៉ី ប្រសិនបើលោកសម្រេចចិត្តប្រើវា។ ពីព្រោះខណៈប្រឈមមុខនឹងការបាត់បង់ចំនួនកងទ័ព និងការខូចខាតផ្នែកសេដ្ឋកិច្ច រុស្ស៉ីសព្វថ្ងៃពិតជាចង់បញ្ចៀសកុំឱ្យលោក ត្រាំ ខឹងសម្បាររហូតបង្ខំឱ្យរូបលោកត្រឡប់ទៅរកការគំាទ្រខ្លាំងក្លា ឬអាចបង្កើនការផ្ដល់ជំនួយយោធាទ្វេដងទៅឱ្យអ៊ុយក្រែននោះឡើយ៕