(តូក្យូ)៖ រដ្ឋមន្រ្តីកសិកម្មជប៉ុន លោក Taku Eto បានលាលែងចេញពីតំណែងហើយនៅថ្ងៃពុធ ទី២១ ខែឧសភា បន្ទាប់ពីរូបលោកបានធ្វើការអត្ថាធិប្បាយមួយពាក់ព័ន្ធអង្ករ ដោយបង្កឱ្យមានការរិះគន់ និងការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់ប្រជាជនជប៉ុន និងសមាជិកសភា ដែលនេះបង្កជាបញ្ហាប្រឈមថ្មីមួយដល់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Shigeru Ishiba។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅបន្ទាប់ពីប្រគល់លិខិតលាលែងចេញពីតំណែងឱ្យខុទ្ទការល័យនាយករដ្ឋមន្ត្រី លោក Taku Eto បានលើកឡើងដូច្នេះថា «ខ្ញុំបានធ្វើការអត្ថាធិប្បាយមិនសមរម្យមួយ ក្នុងពេលដែលប្រជាជនកំពុងប្រឈមនឹងបញ្ហាអង្ករឡើងថ្លៃ»។
កាលពីនៅថ្ងៃចន្ទ ទី១៩ ខែឧសភា លោក Taku Eto ក៏បានចេញមុខសុំទោសជាសាធារណៈផងដែរ បន្ទាប់ពីបាននិយាយថា រូបលោកមិនដែលមានភាពចាំបាច់ត្រូវទិញអង្ករនោះទេ ដោយសារអំណោយពី ក្រុមអ្នកគាំទ្រ ជាហេតុនាំឱ្យមានការខឹងសម្បារជាខ្លាំងក្នុងចំណោមប្រជាជន ដែលកំពុងប្រឈមមុខជាមួយការឡើងថ្លៃខ្ពស់នៃតម្លៃស្បៀងអាហារដ៏សំខាន់នេះ។ សារព័ត៌មាន Kyodo News គឺជាអ្នកដែល បានរាយការណ៍មុនគេអំពីពាក្យសម្តីរបស់លោក Eto ដែលធ្វើឡើងអឡុងកម្មវិធីរៃអង្គាសប្រាក់សម្រាប់បក្ស កាលពីថ្ងៃអាទិត្យកន្លងទៅ ហើយក្រោយមក ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដទៃទៀត ក៏បាននាំគ្នាចុះផ្សាយព្រោងព្រាតដូចគ្នា ដោយបណ្តាលឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមនៅក្នុងប្រទេសជប៉ុន បញ្ចេញប្រតិកម្មមិនពេញចិត្តជាខ្លាំង។
គួរបញ្ជាក់ថា តម្លៃអង្ករលក់នៅតាមទីផ្សារក្នុងប្រទេសជប៉ុន បានកើនប្រមាណទ្វេដង ធៀបនឹងរយៈពេលមួយឆ្នាំមុន បន្ទាប់ពីអាកាសធាតុក្តៅខ្លាំង បានប៉ះពាល់ដល់ទិន្នផល ហើយការកើនឡើងនៃ សន្ទុះទេសចរណ៍ បានជំរុញឱ្យតម្រូវការកើនឡើង។ រដ្ឋាភិបាលជប៉ុន បានបញ្ចេញអង្ករពីឃ្លាំងស្តុកសម្រាប់គ្រាអាសន្នរបស់ខ្លួន ចាប់តាំងពីខែមីនាមក ដើម្បីព្យាយាមទម្លាក់តម្លៃចុះមកវិញ ប៉ុន្តែហាក់មិនមានប្រសិទ្ធភាព។ បើតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន NHK អតីតរដ្ឋមន្ត្រីបរិសា្ថន លោក Shinjiro Koizumi អាចនឹងឡើងកាន់តំណែងជំនួសលោក Taku Eto៕