(វ៉ាស៊ីនតោន)៖ លោក Donald Trump Jr. កូនប្រុសច្បងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃពុធ ទី២១ ខែឧសភា ថា លោកអាចនឹងឈរឈ្មោះជាប្រធានាធិបតីសហរដ្ឋអាមេរិកនៅថ្ងៃណាមួយនាពេលអនាគត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ថ្លែងក្នុងវេទិកាសេដ្ឋកិច្ចកាតានៅទីក្រុងដូហា លោក Trump Jr. អាយុ ៤៧ឆ្នាំ ត្រូវបានសួរថា តើលោកនឹងឈរឈ្មោះដែរឬទេ បន្ទាប់ពីឪពុករបស់លោកចាកចេញពីតំណែង។ លោកបានឆ្លើយថា លោក «មិនដឹងទេ» ប៉ុន្តែ «ប្រហែលជាថ្ងៃណាមួយ»។ លោកបានបញ្ជាក់ថា មានគេចង់ឲ្យលោកធ្វើអ៊ីចឹង ហើយលោកនឹង «តែងតែចេញមុខគាំទ្ររឿងទាំងនេះខ្លាំងៗ»។
គួរបញ្ជាក់ថា លោក Donald Trump Jr. បានលេចធ្លោជាកម្លាំងនយោបាយម្នាក់។ Reuters កាលពីខែវិច្ឆិកាកន្លងទៅ បានចាត់ទុកលោកថាជាសមាជិកគ្រួសារ Trump មានឥទ្ធិពលបំផុតក្នុងការរៀបចំគណៈរដ្ឋមន្ត្រីអាណត្តិទីពីររបស់ឪពុកលោក។ ប្រភពបាននិយាយថា លោកបានដើរតួនាទីក្នុងការជ្រើសរើស ឬរារាំងបេក្ខជនក្នុងគណៈរដ្ឋមន្ត្រី រួមទាំងការគាំទ្រលោក JD Vance ឲ្យធ្វើជាអនុប្រធានាធិបតី និងការរារាំងអតីតរដ្ឋមន្ត្រីការបរទេស Mike Pompeo។
ការបង្ហាញពីមហិច្ឆតានេះ អាចនឹងត្រួសត្រាយផ្លូវសម្រាប់រាជវង្សនយោបាយ Trump បន្តទៀត និងមានឥទ្ធិពលយ៉ាងខ្លាំងដល់ទិសដៅអនាគតរបស់គណបក្សសាធារណរដ្ឋ៕