(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានស្នើឱ្យសមាជិកទាំងអស់នៃគណៈរដ្ឋមន្រ្តីរបស់លោក គឺប្រហែល៣០នាក់ ដាក់ពាក្យលាលែងពីតំណែង ដែលបើតាមការិយាល័យរបស់លោក Marcos គឺដើម្បីរៀបចំរដ្ឋាភិបាលឡើងសាឡើងវិញ បន្ទាប់ពីគណបក្សលោក ទទួលបានលទ្ធផលមិនសូវល្អដូចការរំពឹងទុក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ នាពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០២៥។

អំឡុងការបោះឆ្នោតពាក់កណ្តាលអាណត្តិធ្វើឡើងកាលពីសប្តាហ៍មុន ដែលត្រូវបានមើលឃើញជាការស្ទង់មតិមួយចំពោះរដ្ឋាភិបាលរបស់លោក Marcos បណ្តាបេក្ខជនដែលលោកគាំទ្រ ទទួលបរាជ័យក្នុងការធានាឱ្យបាននូវអាសនៈភាគច្រើនក្នុងព្រឹទ្ធសភា ដែលជាឧបសគ្គមួយ ខណៈដែលលោក Marcos ឈានចូល៣ឆ្នាំចុងក្រោយ នៃអាណត្តិកាន់អំណាចរយៈពេលសរុប ៦ឆ្នាំរបស់លោក។ រីឯបណ្តាបេក្ខជនដែល​គាំទ្រដោយគូប្រជែងរបស់លោក Marcos គឺអនុប្រធានាធិបតី លោកស្រី Sara Duterte វិញ ទទួលបានលទ្ធផលប្រសើរ​លើសពីការរំពឹងទុក ក្នុងការបោះឆ្នោតដែលមនុស្សភាគច្រើនមើលឃើញថា ជាសមរភូមិប្រូស៉ី (proxy) រវាងគ្រួសារទាំងពីរ ដែលកន្លងមក​ធ្លាប់ជាសម្ព័ន្ធមិត្តនឹងគ្នា។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្រ្តីដឹកជញ្ជូន លោក Vince Dizon, រដ្ឋមន្រ្តីកសិកម្មលោក Francisco Tiu Laurel Jr និងរដ្ឋមន្រ្តីហិរញ្ញវត្ថុ លោក Ralph Recto បានប្រកាសថា ពួកគេបានលាលែងពីតំណែងរួចរាល់ហើយ ខណៈ​រដ្ឋមន្រ្តីគ្រប់គ្រងធនធាននិងថវិការដ្ឋាភិបាល លោកស្រី Amenah Pangandaman ក៏បាននិយាយថា នឹងដាក់ពាក្យលាលែង​ផងដែរ៕