(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron នឹងធ្វើដំណើរទៅកាន់អាស៊ីអាគ្នេយ៍នៅចុងសប្តាហ៍នេះ ដើម្បីបង្ហាញប្រទេសបារាំង និងអឺរ៉ុបថាជា «ដៃគូដែលអាចទុកចិត្តបាន និងគ្មានចំណងភ្ជាប់» ខណៈដែលសហរដ្ឋអាមេរិក និងចិន កំពុងប្រើប្រាស់មធ្យោបាយកាន់តែខ្លាំងឡើង ដើម្បីដណ្ដើមឥទ្ធិពលក្នុងតំបន់។ នេះបើតាមមន្ត្រីបារាំង និងរាយការណ៍បន្តដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០២៥។
លោក Macron គ្រោងនឹងទៅដល់ទីក្រុងហាណូយនៅថ្ងៃអាទិត្យ ហើយនឹងបន្តទៅឥណ្ឌូណេស៊ី និងសិង្ហបុរី ជាកន្លែងដែលលោកនឹងថ្លែងនៅវេទិកា Shangri-La Dialogue។ ទីប្រឹក្សាប្រធានាធិបតីបារាំងបាននិយាយថា លោក Macron នឹងបង្ហាញបារាំង និងអឺរ៉ុបថាជាអ្នកការពារកិច្ចសហប្រតិបត្តិការអន្តរជាតិ និងពាណិជ្ជកម្មផ្អែកលើច្បាប់ ខុសពីមហាអំណាចដទៃដែលប្រើវិធីសាស្ត្រ Donald Trump កាន់តែច្រើន។ សម្រាប់វៀតណាម ដែលរងសម្ពាធពីពន្ធគយអាមេរិក បារាំងចង់ធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់ និងទីផ្សាររបស់ខ្លួន ហើយកិច្ចព្រមព្រៀងជាច្រើនអាចនឹងត្រូវបានចុះហត្ថលេខា។
ដំណើរទស្សនកិច្ចនេះ ធ្វើឡើងបន្ទាប់ពីមេដឹកនាំចិន ជប៉ុន និងប្រទេសអឺរ៉ុបផ្សេងទៀត បានទៅទស្សនកិច្ចតំបន់នេះក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលបង្ហាញពីសារៈសំខាន់ជាយុទ្ធសាស្ត្ររបស់អាស៊ីអាគ្នេយ៍ ចំពេលមានភាពមិនច្បាស់លាស់លើខ្សែសង្វាក់ផ្គត់ផ្គង់ និងពាណិជ្ជកម្មសកល។
លោក Macron ក៏នឹងប្រើប្រាស់សុន្ទរកថានៅឥណ្ឌូណេស៊ី និងសិង្ហបុរី ដើម្បីលុបបំបាត់ «ការយល់ខុស» អំពីជំហរអឺរ៉ុបលើជម្លោះនានា ដោយបដិសេធការចោទប្រកាន់ពី «ស្តង់ដារពីរ» លើបញ្ហាហ្គាហ្សា និងកំណត់បញ្ហាអ៊ុយក្រែនថាមិនមែនជាបញ្ហាអឺរ៉ុបតែមួយមុខនោះទេ។ ការរិះគន់របស់លោកលើគោលនយោបាយអ៊ីស្រាអែលនៅហ្គាហ្សា ដែលលោកហៅថា «គួរឲ្យអាម៉ាស់» ក៏ត្រូវបានគេរំពឹងថានឹងទទួលបានការចាប់អារម្មណ៍នៅឥណ្ឌូណេស៊ី ដែលជាប្រទេសមានប្រជាជនមូស្លីមច្រើនជាងគេ។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Macron នៅអាស៊ីអាគ្នេយ៍នេះ គឺជាការប៉ុនប៉ងរបស់បារាំង និងអឺរ៉ុប ក្នុងការដើរតួនាទីឯករាជ្យ និងស្ថាបនាមួយនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលកំពុងមានការប្រកួតប្រជែងភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើង៕