(ស៉ីដនី)៖ សាកសពបុរសម្នាក់ ត្រូវបានគេរកឃើញនៅក្នុងរថយន្តដែលជាប់គាំងក្នុងទឹកជំនន់ នៅភាគអាគ្នេយ៍នៃប្រទេសអូស្ត្រាលី នាថ្ងៃសុក្រនេះ ធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ៤នាក់ បន្ទាប់ពីភ្លៀងធ្លាក់ឥតឈប់ឈរ ៣ថ្ងៃមកនេះ បណ្តាលឱ្យជន់លិចពាសពេញទីក្រុង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ ២០២៥។

ប៉ូលិសនិយាយថា ការ​ស្វែងរក​អ្នកបាត់ខ្លួននៅតែ​បន្ត​ ​ចាប់តាំងពី​ទឹកជំនន់​វាយលុកនៅ​ដើម​សប្តាហ៍​នេះ​។ បុគ្គលិកសេវាសង្គ្រោះបន្ទាន់ បានឱ្យដឹងថា មនុស្សប្រហែល ៥០ ០០០នាក់នាក់កំពុងរស់នៅក្នុងផ្ទះ ដែលជន់លិចដោយទឹកជំនន់។ ​អាជ្ញាធរក៏​បាន​ព្រមាន​ ដល់អ្នក​ស្រុក​ដែល​ត្រឡប់​ទៅ​ផ្ទះ​ដែលទឹកជំនន់មិនទាន់ស្រក​ ឱ្យប្រុង​ប្រយ័ត្ន​ចំពោះ​គ្រោះថ្នាក់នានា។

វីដេអូផ្សព្វផ្សាយតាមទូរទស្សន៍ បង្ហាញឱ្យឃើញពីផ្លូវប្រសព្វមួយចំនួនរងនូវការជន់លិច រថយន្តជាប់គាំងក្នុងទឹក បន្ទាប់ពីទឹកជំនន់ហក់ឡើងលឿនបណ្តាលឱ្យបាក់ច្រាំងទន្លេ ជន់លិចទីប្រជុំជនជនបទជាច្រើន នៅក្នុងតំបន់ Hunter និង Mid North Coast នៃរដ្ឋ New South Wales ដែលជារដ្ឋមានប្រជាជនច្រើនបំផុតនៃប្រទេសអូស្ត្រាលី។

បើតាមអាជ្ញាធរ សាលារៀនជាង ១០០នៅតែបិទទ្វារ គិតត្រឹមថ្ងៃសុក្រនេះ ខណៈដែលសំណង់អគាររាប់ពាន់កន្លែង គ្មានអគ្គិសនីប្រើប្រាស់ រីឯស្ថានភាពទន្លេ​អាចស្ថិត​​លើស​កម្រិត​គ្រោះថ្នាក់ ក្នុងរយៈពេល​ជាច្រើន​ថ្ងៃ។ នាយករដ្ឋមន្ត្រី លោក Anthony Albanese នឹងចុះទៅពិនិត្យទីក្រុងដែលរងគ្រោះដោយទឹកជំនន់ នៅថ្ងៃសុក្រនេះ៕