(អាល់បឺតា, កាណាដា)៖ បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាល មកពីក្រុមប្រទេស G7 បានបញ្ចេញរបាយការណ៍អំពីភាពខុសគ្នារបស់ពួកគេ ជាមួយនិងការសន្យាដោះស្រាយបញ្ហា «អតុល្យភាពដ៏លើសលប់» នៅក្នុងសេដ្ឋកិច្ចពិភពលោក ហើយថាពួកគេអាចបង្កើនការដាក់ទណ្ឌកម្មលើរុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ ២០២៥។

មុនពេលនៃកិច្ចប្រជុំ មានចម្ងល់ថាតើសេចក្តីប្រកាសរួមមួយ អាចសម្រេចទៅបានដែរឬទេ ជុំវិញពន្ធគយរបស់សហរដ្ឋអាមេរិក ក៏ដូចជាភាពប្រែប្រួលរបស់ទីក្រុងវ៉ាស៉ីនតោន ចំពោះសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន។ ក្រោយកិច្ចពិភាក្សាគ្នារយៈពេល ៣ថ្ងៃ ភាគីនានា បានចុះហត្ថលេខាលើឯកសារដ៏វែងមួយ ដែលជាសេចក្តីប្រកាសរួមមិនមានការប្តេជ្ញាចិត្តខ្លាំងក្លាដូចមុនឡើយ លើការប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រែប្រួលអាកាសធាតុ រួមទាំងសង្រ្គាមនៅអ៊ុយក្រែន។

សេចក្តីប្រកាសរួមនេះ មិនបានសរសេរចំឈ្មោះប្រទេសចិនទេ ប៉ុន្តែយោងសេចក្តីលើសហរដ្ឋអាមេរិក និងប្រទេស G7 ផ្សេងទៀតចំពោះគោលនយោបាយ និងការអនុវត្តមិនមែនទីផ្សារ ដែលជារឿយៗ ផ្តោតលើការឧបត្ថម្ភធនរបស់រដ្ឋចិន និងគំរូសេដ្ឋកិច្ចដែលជំរុញការនាំចេញ។ G7 ក៏មិនបានលើកឡើង អំពីពន្ធគយដែលដាក់ចេញដោយ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលកំពុងរំខានដល់ពាណិជ្ជកម្មពិភពលោក ខ្សែច្រវាក់ផ្គត់ផ្គង់ និងបន្ថែមភាពមិនច្បាស់លាស់ផ្នែកសេដ្ឋកិច្ចនោះដែរ។

សេចក្តីប្រកាសរួមរបស់ G7 បានអំពាវនាវឱ្យមានការវិភាគលើការប្រមូលផ្តុំទីផ្សារ និងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់អន្តរជាតិ ទទួលស្គាល់ថានូវការកើនឡើងនៃការដឹកជញ្ជូនលក្ខណៈតូចតាច ជាកញ្ចប់អន្តរជាតិដែលមានតម្លៃទាប ដែលអាចគ្របដណ្តប់លើប្រព័ន្ធគយ និងពន្ធដារ ហើយត្រូវបានប្រើប្រាស់សម្រាប់ការរត់ពន្ធគ្រឿងញៀន និងទំនិញខុសច្បាប់។

សម្រាប់បញ្ហារុស្ស៉ី-អ៊ុយក្រែន រដ្ឋមន្រ្តីហិរញ្ញវត្ថុ G7 បានថ្កោលទោសនូវអ្វីដែលពួកគេហៅថា ជាសង្រ្គាមដ៏ឃោរឃៅ ដែលរុស្ស៉ីកំពុងបន្តធ្វើប្រឆាំងនឹងអ៊ុយក្រែន ហើយថាប្រសិនបើកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបានបទឈប់បាញ់ត្រូវបរាជ័យ ពួកគេនឹងស្វែងរកជម្រើសដែលអាចធ្វើបានទាំងអស់ រួមទាំងវិធីសាស្រ្តបង្កើនការដាក់ទណ្ឌកម្ម៕