(សេអ៊ូល)៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានចេញមកបញ្ជាក់ នៅថ្ងៃសុក្រ​ ទី២៣ ខែឧសភាថា ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៉ីនតោន មិនបានពិភាក្សាអំពីការដកទ័ពអាមេរិកមួយចំនួន ដែលកំពុងឈរជើងនៅក្នុងប្រទេសកូរ៉េខាងត្បូងនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការចេញមកបញ្ជាក់នាពេលនេះ គឺឆ្លើយតបទៅនឹងរបាយការណ៍របស់កាសែតអាមេរិក Wall Street Journal ដែលបានរាយការណ៍ថា សហរដ្ឋអាមេរិក កំពុងពិចារណាដកកងទ័ពប្រហែល​៤ ៥០០​នាក់ ​ចេញ​ពី​ប្រទេសកូរ៉េ​ខាង​ត្បូង។ ក្រសួងការពារជាតិបានឱ្យដឹងទៀតថា កូរ៉េខាងត្បូងនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក ដើម្បីរក្សាជំហរការពារជាតិរួមគ្នាដ៏រឹងមាំ ដើម្បីរារាំងកូរ៉េខាងជើង។

គួរបញ្ជាក់ថា អាមេរិកមានកងទ័ពចំនួន ២៨ ៥០០នាក់ឈរជើង នៅឯកូរ៉េខាងត្បូង។ កាលពីឆ្នាំមុន ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៉ីនតោន បានព្រមព្រៀងលើផែនការរយៈពេល ៥ឆ្នាំស្តីពីការគាំទ្រផ្នែកការពារជាតិ ប៉ុន្តែលោកប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាប់និយាយថា វត្តមានយោធាអាមេរិកអាចប្រែប្រួលទៅតាមការចរចាពាណិជ្ជកម្ម ដែលកំពុងបន្តជាមួយទីក្រុងសេអ៊ូល៕