(ហ៊្សេរុយសាឡិម)៖ យោធាអ៉ីស្រាអែលបាននិយាយថា ខ្លួនស្ទាក់បានមីស៉ីល២គ្រាប់បាញ់ចេញពីប្រទេសយេម៉ែន ជាហេតុនាំឱ្យសំឡេងស៉ីរ៉ែនប្រកាសអាសន្ន ត្រូវបានបន្លឺឡើង២លើក នៅទូទាំងប្រទេស រួមទាំងនៅទីក្រុងហ្ស៊េរុយសាឡិម និងតំបន់ West Bank ស្របពេលដែលក្រុមឧទ្ទាមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ បានបន្តបង្កើនការវាយប្រហាររបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥។
អ្នកនាំពាក្យយោធាហ៊ូទីបាននិយាយថា ក្រុមរបស់ខ្លួនបានបាញ់មីស៉ីលបាលិស្ទីគ សំដៅឆ្ពោះទៅព្រលានយន្តហោះ Ben Gurion របស់អ៉ីស្រាអែល ព្រមទាំងយន្តហោះដ្រូន២គ្រឿង ឆ្ពោះទៅតំបន់ទីក្រុង Tel Aviv។ ដោយមិនចុះញ៉មក្រោមការវាយប្រហាររបស់អ៉ីស្រាអែលលើយេម៉ែន ក្រុមហ៊ូទីបានប្រកាសថា ពួកគេនឹងបន្តវាយប្រហារទៅលើអ៉ីស្រាអែល ទោះបីបានយល់ព្រមបទឈប់បាញ់ជាមួយសហរដ្ឋអាមេរិក ដើម្បីបញ្ឈប់ការវាយប្រហារលើកប៉ាល់អាមេរិក នៅសមុទ្រក្រហមក៏ដោយ។
អ៉ីស្រាអែលបានវាយប្រហារសងសឹកវិញ ក្នុងនោះរួមមានទាំងការវាយប្រហារកាលពីថ្ងៃទី៦ ខែឧសភា ដែលបានបង្កការខូចខាតចំពោះព្រលានយន្តហោះស្នូលរបស់យេម៉ែន នៅរដ្ឋធានី Sanaa និងការវាយប្រហារកាលពីសប្តាហ៍មុន ដែលកំណត់គោលដៅលើកំពង់ផែ Hodeidah និង Salif ជាប់សមុទ្រក្រហម។
គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមផ្ទុះឡើងដំបូង រវាងអ៉ីស្រាអែលនិងក្រុមហាម៉ាសប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា កាលពីខែតុលា ឆ្នាំ២០២៣ ក្រុមហ៊ូទីបានធ្វើសកម្មភាពវាយប្រហារដោយមីស៉ីល និងដ្រូនជាច្រើនលើកមកលើអ៉ីស្រាអែល ប៉ុន្តែភាគច្រើនពួកវាត្រូវបានបាញ់ស្ទាក់ ឬមិនបានទៅដល់គោលដៅ។ ហ៊ូទីបានអះអាងថា សកម្មភាពវាយប្រហារខ្លួន គឺដើម្បីបង្ហាញការគាំទ្រចំពោះជនជាតិប៉ាឡេស្ទីននៅហ្កាហ្សា៕