(វ៉ាស៉ីនតោន)៖ ក្រសួងកសិកម្មនៃសហរដ្ឋអាមេរិក (USDA) បានលុបចោលគម្រោងចំនួន១៧ នៅក្រោមកម្មវិធីផ្តល់ជំនួយបរទេសមួយ ដែលផ្គត់ផ្គង់ការផ្តល់អាហារសម្រាប់កុមារនៅតាមសាលារៀន ក្នុងប្រទេសដែលមានប្រាក់ចំណូលទាប។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។

ការកាត់បន្ថយខាងលើធ្វើឡើង ចំពោះកម្មវិធីស្បៀងអាហារសម្រាប់ការសិក្សា McGovern-Dole និងបន្ទាប់ពីសប្តាហ៍មុននេះ គម្រោងចំនួន២៧ ក៏ទើបតែត្រូវបានលុបចោលផងដែរ ក្រោមកម្មវិធីជំនួយស្បៀងអាហារសម្រាប់ការអភិវឌ្ឍរបស់ USDA។ ប្រការនេះ បានបង្កើនក្តីបារម្ភអំពីការកើនឡើងនៃភាពអត់ឃ្លានលើពិភពលោក។ អ្នកនាំពាក្យ USDA បាននិយាយថា គម្រោងទាំងនេះ ត្រូវបានសម្រេចលុបចោល ស្របតាមបទបញ្ជាប្រតិបត្តិរបស់លោក ត្រាំ ដែលបង្គាប់ឱ្យសម្របការផ្តល់ជំនួយបរទេសឱ្យត្រូវគ្នាជាមួយ​ផលប្រយោជន៍របស់សហរដ្ឋអាមេរិក ក្រោមគោលនយោបាយរបស់លោក។

គួរបញ្ជាក់ថា ជារួមគម្រោងចំនួន៤៤ ត្រូវបានលុបចោលនៅតាមប្រទេស ដូចជាហុងឌូរ៉ាស កៀហ្ស៉ីស៉ីស្ថាន សៀរ៉ាឡេអូន និងនេប៉ាល់ ជាដើម។ ទោះជាបែបនេះក្តី ក្រសួងកសិកម្មអាមេរិក នៅដំណើរការគម្រោង១៤ទៀត នៃកម្មវិធីស្បៀងអាហារសម្រាប់ការអភិវឌ្ឍ ក្នុងប្រទេសចំនួន១៧ និងគម្រោង McGovern-Dole ចំនួន៣០ ក្នុងប្រទេសចំនួន២២៕