(មូស្គូ)៖ នៅថ្ងៃសុក្រ ទី២៣ ខែឧសភា ក្រសួងការពារជាតិរុស្ស៉ីបាននិយាយថា ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូនអ៊ុយក្រែនចំនួន ១១២គ្រឿង ហើយទីក្រុងមូស្គូ បានស្ថិតក្រោមគោលដៅនៃការវាយប្រហារជាថ្មីម្តងទៀត និងបានបង្កឱ្យព្រលានយន្តហោះមួយចំនួន រងការរំខាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ក្រសួងការពារជាតិរុស្ស៉ី បានឱ្យដឹងថា គិតចាប់តាំងពីយប់ថ្ងៃព្រហស្បតិ៍ មកទល់ព្រឹកថ្ងៃសុក្រនេះ ប្រព័ន្ធការពារដែនអាកាសរុស្ស៉ី បានបាញ់ស្ទាក់និងកម្ទេច យន្តហោះដ្រូន១១២គ្រឿងរបស់អ៊ុយក្រែន ក្នុងនោះរួមមានទាំង២៤គ្រឿង ដែលបានហោះសំដៅមករក​រដ្ឋធានីមូស្គូ។ យ៉ាងណាក្តី មានមនុស្ស៨នាក់បានរងរបួស នៅតំបន់ Lipetsk ដោយសារបំណែករបស់យន្តហោះដ្រូន ដែលត្រូវបាន​បាញ់ស្កាត់។ ប៉ុន្មានថ្ងៃចុងក្រោយនេះ រុស្ស៉ីបានប្រកាសអំពីការបាញ់ស្ទាក់យន្តហោះដ្រូនអ៊ុយក្រែនសរុបរាប់រយគ្រឿង។ រុស្ស៉ីនិងអ៊ុយក្រែន បានប្រើដ្រូនវាយប្រហារគ្នាទៅវិញទៅមកសឹងតែរៀងរាល់ថ្ងៃ។

គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានបដិសេធម្តងហើយម្តងទៀត ចំពោះការអំពាវនាវរបស់ទីក្រុងកៀវនិង​ក្រុមលោកខាងលិច ដែលចង់ឱ្យមានបទឈប់បាញ់រយៈពេលយូរភ្លាមៗ ដោយឥតលក្ខខណ្ឌ ដើម្បីបើកផ្លូវឆ្ពោះទៅរកការចរចាគ្នា​បិទបញ្ចប់សង្រ្គាម ដែលអូសបន្លាយជាង៣ឆ្នាំមកហើយ។ សព្វថ្ងៃរុស្ស៉ីកំពុងគ្រប់គ្រងប្រហែល២០ភាគរយ នៃទឹកដីរបស់អ៊ុយក្រែន ដោយរាប់បញ្ចូលទាំងឧបទ្វីបគ្រីមៀ ដែលរុស្ស៉ីក្រសោបយក តាំងតែពីឆ្នាំ២០១៤។ សង្រ្គាមឈ្លានពានរបស់រុស្ស៉ី ដែលផ្ទុះឡើង​កាលពីខែកុម្ភៈ ឆ្នាំ២០២២ បានសម្លាប់មនុស្សរាប់សិបម៉ឺននាក់ បង្ខំឱ្យរាប់លាននាក់ផ្សេងទៀតព្រាត់ប្រាសពីផ្ទះសម្បែង ហើយបង្កការបំផ្លិចបំផ្លាញហិនហោច ជាពិសេសនៅតំបន់ភាគខាងត្បូង និងខាងកើតប្រទេសអ៊ុយក្រែន៕