(ហ្សឺណែវ)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ប្រមុខអង្គការសុខភាពពិភពលោក (WHO) បានទទូចទាំងទឹកភ្នែករលីងរលោង ឱ្យអ៉ីស្រាអែលមានក្តីមេត្តានៅតំបន់ហ្កាហ្សា ហើយលោកបានសង្កត់ធ្ងន់ថា អ៉ីស្រាអែលគួរតែជ្រើសរើសយកសន្តិភាព ដើម្បីប្រយោជន៍ខ្លួនឯងផ្ទាល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
អំឡុងមហាសន្និបាតប្រចាំឆ្នាំរបស់ WHO លោកអគ្គលេខាធិការ Tedros Adhanom Ghebreyesus បានថ្លែងថា សង្រ្គាមនៅហ្កាហ្សា កំពុងតែជះផលប៉ះពាល់អវិជ្ជមានចំពោះអ៉ីស្រាអែល ហើយនឹងមិនអាចនាំមកនូវដំណោះស្រាយឋិតថេរឡើយ។ លោក Tedros បាននិយាយថា រូបលោកអាចយល់អំពីទុក្ខវេទនា ដែលប្រជាជននៅហ្កាហ្សាកំពុងឆ្លងកាត់។ ប្រមុខអង្គការ WHO វ័យ៦០ឆ្នាំរូបនេះ ធ្លាប់រំលឹកជារឿយៗអំពីកុមារភាពរបស់លោក កាលពីអំឡុងសម័យសង្រ្គាមនៅឯប្រទេសអេត្យូពី។
លោក Tedros បានលើកឡើងដូច្នេះថា «ការស្វែងរកសន្តិភាព តាមពិតគឺជាជម្រើសដ៏ប្រសើរបំផុត សម្រាប់ជាប្រយោជន៍របស់អ៉ីស្រាអែលផ្ទាល់។ ខ្ញុំមានអារម្មណ៍ថា សង្រ្គាមហ្កាហ្សា កំពុងតែជះផលអាក្រក់ចំពោះអ៉ីស្រាអែលខ្លួនឯង ហើយវានឹងមិនអាចនាំមកនូវដំណោះស្រាយឋិតថេរមួយឡើយ។ ខ្ញុំសូមស្នើឱ្យអ្នកបង្ហាញក្តីមេត្តា។ វាជារឿងល្អសម្រាប់អ្នក សម្រាប់ជនជាតិប៉ាឡេស្ទីន ក៏ដូចជាសម្រាប់មនុស្សជាតិទាំងមូល»។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ អង្គការសហប្រជាជាតិ បានចាប់ផ្តើមចែកចាយជំនួយ ពីរថយន្តដឹកជំនួយប្រមាណ៩០គ្រឿង ដែលបានចូលទៅដល់តំបន់ហ្កាហ្សាជាលើកដំបូង គិតចាប់តាំងពីអ៉ីស្រាអែលបានធ្វើការបិទខ្ទប់ទាំងស្រុង កាលពីថ្ងៃទី២ ខែមីនា។ នាយកឆ្លើយតបស្ថានការណ៍អាសន្នរបស់ WHO បាននិយាយថា មនុស្សខ្ទង់២.១លាននាក់នៅហ្កាហ្សា កំពុងស្ថិតនៅមាត់ជ្រោះនៃសេចក្តីស្លាប់។ បើតាម WHO ប្រជាជនហ្កាហ្សា កំពុងប្រឈមការខ្វះខាតខ្លាំងបំផុត នៃស្បៀងអាហារ ទឹក ថ្នាំពេទ្យ ឥន្ធនៈ និងទីជម្រក៕