(វ៉ាស៊ីនតោន)៖ ក្នុងចំណាត់ការដ៏តក់ស្លុតមួយ រដ្ឋបាលលោក ដូណាល់ ត្រាំ បានដកសិទ្ធិសាកលវិទ្យាល័យ Harvard ក្នុងការចុះឈ្មោះនិស្សិតអន្តរជាតិកាលពីថ្ងៃព្រហស្បតិ៍ ដោយបង្ខំឲ្យនិស្សិតបរទេសបច្ចុប្បន្នត្រូវផ្ទេរសាលា ឬប្រឈមការបាត់បង់ស្ថានភាពស្របច្បាប់។ រដ្ឋមន្ត្រីសន្តិសុខមាតុភូមិ លោកស្រី Kristi Noem បានចោទ Harvard ថា «ជំរុញអំពើហិង្សា ការប្រឆាំងសាសន៍យូដា និងមានសមានចិត្តជាមួយបក្សកុម្មុយនិស្តចិន»។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មាន Reuters រាយការណ៍នៅថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥។

សាកលវិទ្យាល័យ Harvard បានហៅចំណាត់ការនេះថាជា «ការសងសឹកខុសច្បាប់» ដែលគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សហគមន៍របស់ខ្លួន។ ទោះយ៉ាងណា លោកស្រី Noem បានផ្តល់ឱសានវាទ ៧២ម៉ោងឲ្យ Harvard បញ្ជូនឯកសារដើម្បីអាចទទួលបានការបញ្ជាក់ឡើងវិញ ដោយសង្កត់ធ្ងន់ថា ការចុះឈ្មោះនិស្សិតបរទេសគឺជា «ឯកសិទ្ធិ មិនមែនសិទ្ធិទេ»។

លោកស្រី Noem បានព្រមានតាមរយៈ Fox News ថា វិធានការស្រដៀងគ្នានេះអាចនឹងត្រូវអនុវត្តចំពោះសាកលវិទ្យាល័យផ្សេងទៀតដូចជា Columbia ហើយថា «នេះគួរតែជាការព្រមាន»។ សមាជិកសភាប្រជាធិបតេយ្យ លោក Jaime Raskin បានថ្កោលទោសយ៉ាងខ្លាំងក្លា ដោយហៅវាថាជា «ការវាយប្រហារលើឯករាជ្យភាព និងសេរីភាពសិក្សា» របស់ Harvard។

គួរបញ្ជាក់ថា ចំណាត់ការនេះ គឺជាការកើនឡើងដ៏ធ្ងន់ធ្ងរនៅក្នុងយុទ្ធនាការរបស់រដ្ឋបាលលោក ត្រាំ ប្រឆាំងនឹងស្ថាប័នអប់រំល្បីៗ ដែលខ្លួនចាត់ទុកថាមាននិន្នាការប្រឆាំង បង្កឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីអនាគតនៃសេរីភាពសិក្សានៅសហរដ្ឋអាមេរិក៕