(វ៉ាស៊ីនតោន)៖ សាកលវិទ្យាល័យ Harvard បានដាក់ពាក្យប្តឹងនៅថ្ងៃសុក្រ ទី២៣ ខែឧសភា ស្នើសុំឲ្យតុលាការលុបចោលការហាមឃាត់របស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដែលមិនឲ្យសកលវិទ្យាល័យលំដាប់ពិភពលោកមួយនេះ ចុះឈ្មោះនិស្សិតបរទេស ដោយចោទប្រកាន់ថា បានអត់ឱនចំពោះអ្វីដែលរដ្ឋាភិបាលហៅថា «អ្នកប្រឆាំងអាមេរិក និងអ្នកគាំទ្រភេរវកម្ម»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ពាក្យបណ្ដឹងនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីក្រសួងសន្តិសុខមាតុភូមិ (DHS) តាមបញ្ជារបស់រដ្ឋមន្ត្រី លោកស្រី Kristi Noem បានដកសិទ្ធិ Harvard ក្នុងការចុះឈ្មោះនិស្សិតបរទេសក្រោមកម្មវិធីទិដ្ឋាការ F-1។ DHS បានបញ្ជាក់ថា Harvard នឹងត្រូវហាមឃាត់មិនឲ្យចុះឈ្មោះនិស្សិតបរទេសថ្មី ហើយនិស្សិតបរទេសបច្ចុប្បន្នជាង ៧,០០០នាក់ ដែលស្មើនឹងប្រហែល ២៧% នៃនិស្សិតសរុប ត្រូវតែចាកចេញពីសាលា ឬប្រឈមនឹងការបាត់បង់ស្ថានភាពស្របច្បាប់នៅអាមេរិក។
នៅក្នុងពាក្យបណ្តឹងដែលដាក់នៅតុលាការសហព័ន្ធរដ្ឋ Massachusetts, សកលវិទ្យាល័យ Harvard បានអះអាងថា «ដោយគ្រាន់តែការចុះប៊ិចមួយ រដ្ឋាភិបាលបានព្យាយាមលុបបំបាត់មួយភាគបួននៃនិស្សិតរបស់ Harvard»។ បណ្ដឹងបានបន្តថា ការបញ្ជាក់របស់ Harvard គឺចាំបាច់សម្រាប់និស្សិតអន្តរជាតិរាប់ពាន់នាក់របស់ខ្លួន ដើម្បីស្នាក់នៅដោយស្របច្បាប់ និងបន្តការសិក្សា ហើយបានហៅការដកសិទ្ធិនេះថាជា «ការរំលោភលើវិសោធនកម្មទី១» និងដំណើរការត្រឹមត្រូវតាមច្បាប់នៃរដ្ឋធម្មនុញ្ញអាមេរិក។
សាកលវិទ្យាល័យក៏បានចាត់ទុកចំណាត់ការនេះថាជា «ទង្វើចុងក្រោយរបស់រដ្ឋាភិបាលក្នុងការសងសឹកយ៉ាងច្បាស់លាស់» ចំពោះការដែល Harvard បានអនុវត្តសិទ្ធិរបស់ខ្លួនក្នុងការបដិសេធការទាមទាររបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងកម្មវិធីសិក្សា និង «មនោគមវិជ្ជា» របស់សាលា។ កន្លងមក លោកប្រធានាធិបតី ត្រាំ ក៏ធ្លាប់បានលើកឡើងដែរថា Harvard គួរតែបាត់បង់ឋានៈលើកលែងពន្ធរបស់ខ្លួន។
គួរបញ្ជាក់ថា ជម្លោះផ្លូវច្បាប់រវាងសាកលវិទ្យាល័យលំដាប់ពិភពលោកមួយនេះ និងរដ្ឋបាលសហរដ្ឋអាមេរិក កំពុងត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ ដោយវាអាចនឹងមានផលប៉ះពាល់យ៉ាងទូលំទូលាយដល់និស្សិតអន្តរជាតិ និងស្ថាប័នអប់រំផ្សេងទៀតនៅទូទាំងប្រទេស៕