(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ចេញការគំរាមកំហែងពាណិជ្ជកម្មជាថ្មីកាលពីថ្ងៃសុក្រ ដោយស្នើដំឡើងពន្ធ ៥០% លើទំនិញសហភាពអឺរ៉ុប និងព្រមានពីពន្ធ ២៥% លើទូរស័ព្ទ iPhone ដែលផលិតនៅក្រៅប្រទេស ដែលជាចំណាត់ការមួយបានធ្វើឲ្យទីផ្សារហិរញ្ញវត្ថុពិភពលោករង្គោះរង្គើភ្លាមៗ។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មាន Reuters រាយការណ៍នៅថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥។

លោក ត្រាំ បានសរសេរតាមបណ្ដាញសង្គមថា កិច្ចពិភាក្សាពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប «មិនទៅណាទេ» ហើយថា សហភាពអឺរ៉ុបត្រូវបានបង្កើតឡើងដើម្បី «ទាញយកផលប្រយោជន៍ពីអាមេរិក»។ ការប្រកាសរបស់លោក បានធ្វើឲ្យសន្ទស្សន៍ភាគហ៊ុនធំៗនៅអាមេរិក និងអឺរ៉ុបធ្លាក់ចុះយ៉ាងខ្លាំង ដោយភាគហ៊ុនក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ និង Apple រងផលប៉ះពាល់ជាពិសេស។

គណៈកម្មការអឺរ៉ុបបានរក្សាភាពស្ងៀមស្ងាត់ ដោយរង់ចាំកិច្ចសន្ទនារវាងមន្ត្រីពាណិជ្ជកម្មជាន់ខ្ពស់របស់ខ្លួនជាមួយសមភាគីអាមេរិក។ អ្នកវិភាគព្រមានពីហានិភ័យនៃសង្គ្រាមពាណិជ្ជកម្មអូសបន្លាយ ខណៈនាយកប្រតិបត្តិក្រុមហ៊ុនមួយចំនួនដូចជា Volvo នៅតែសង្ឃឹមថា ភាគីទាំងពីរនឹងអាចឈានដល់កិច្ចព្រមព្រៀង ដើម្បីបញ្ចៀសផលប៉ះពាល់ធ្ងន់ធ្ងរដល់អ្នកប្រើប្រាស់ និងពាណិជ្ជកម្មសកល។

គួរបញ្ជាក់ថា ការគំរាមកំហែងជាថ្មីរបស់លោក ត្រាំ បានបញ្ឆេះឡើងវិញនូវក្តីបារម្ភអំពីស្ថិរភាពពាណិជ្ជកម្មសកល និងអាចបង្កភាពតានតឹងបន្ថែមទៀតនៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ខ្លួន៕