(ញូវដែលី)៖ កាលពីថ្ងៃសុក្រ ទី២៣ ខែឧសភា ឥណ្ឌានិងប៉ាគីស្ថានបានប្រកាសពន្យារបន្ថែមទៀត នូវការរឹតត្បិតដែនអាកាស​សម្រាប់យន្តហោះរបស់ភាគីម្ខាងៗ ស្របពេលដែលភាពតានតឹងផ្នែកការទូត ហាក់នៅតែបន្តរវាងប្រទេសជិតខាងទាំងពីរ ក្រោយទើបផ្ទុះអាវុធដាក់គ្នាយ៉ាងកក្រើកអស់ប៉ុន្មានថ្ងៃ ក្នុងខែនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

អាជ្ញាធរអាកាសចរណ៍ប៉ាគីស្ថាន បានប្រកាសថា ការរឹតត្បិតនឹងត្រូវបន្តអនុវត្តចំពោះយន្តហោះទាំងអស់ ដែលចុះបញ្ជី ធ្វើប្រតិបត្តិការ ជាកម្មសិទ្ធិ ឬជួលដោយឥណ្ឌា រួមបញ្ចូលទាំងយន្តហោះយោធា រហូតដល់ថ្ងៃទី២៤ ខែមិថុនា។ ចំណែកអាជ្ញាធរអាកាសចរណ៍ឥណ្ឌា បានចេញសេចក្តីប្រកាសដូចគ្នា ដោយនិយាយថា យន្តហោះនានា ដែលចុះបញ្ជី ធ្វើប្រតិបត្តិការ ជាកម្មសិទ្ធិ ឬជួលដោយប៉ាគីស្ថាន រាប់ទាំងយន្តហោះយោធា នឹងត្រូវហាមឃាត់ពីដែនអាកាសឥណ្ឌា រហូតដល់ថ្ងៃទី២៤ ខែមិថុនា។ វាគឺជាពន្យារបម្រាមដែលត្រូវបាន​ដាក់ចេញដោយភាគីទាំងពីរ កាលពីខែមុន។

គួរបញ្ជាក់ថា ភាពតានតឹងបានកើនឡើងយ៉ាងខ្លាំងបំផុត ក្រោយករណ៍បាញ់ប្រហារដ៏ប្រល័យលើអ្នកទេសចរ នៅតំបន់ Kashmir ប៉ែកគ្រប់គ្រងដោយឥណ្ឌា កាលពីខែមេសា ដែលបណ្តាលឱ្យមានការផ្ទុះជម្លោះយោធាយ៉ាងអាក្រក់មិនធ្លាប់មាន ក្នុងរយៈពេលជិត​៣ទសវត្សរ៍ រវាងសត្រូវចាស់ទាំងពីរដែលសុទ្ធតែកាន់កាប់អាវុធនុយក្លេអ៊ែរដូចគ្នា។ យ៉ាងណាមិញ ស្ថានការណ៍បានធូរស្រាលវិញ ក្រោយឥណ្ឌានិងប៉ាគីស្ថាន បានព្រមព្រៀងមានបទឈប់បាញ់ កាលពីថ្ងៃទី១០ ខែឧសភា៕