(ឡុងដ៍)៖ បច្ចុប្បន្ននៅប្រទេសអង់គ្លេស អ្នកជំងឺមហារីកអាចចាប់ផ្តើមទទួលការព្យាបាលតាមបែប immunotherapy ក្នុងទម្រង់ជាថ្នាំចាក់ ជំនួសឱ្យវិធីសាស្រ្តទូទៅ គឺក្នុងទម្រង់ជាការបន្តោងសេរ៉ូម។
អង់គ្លេសជាប្រទេសដំបូងបង្អស់នៅអឺរ៉ុប ដែលបានធ្វើយ៉ាងដូច្នោះ។ ថ្នាំខាងលើមានឈ្មោះហៅថា Nivolumab ឬ Opdivo។ ថ្នាំចាក់នោះ ប្រើពេលត្រឹមតែ៣-៥នាទីប៉ុណ្ណោះ ជំនួសឱ្យការបន្តោងសេរ៉ូម ដែលជាទូទៅត្រូវប្រើរយៈពេលប្រហែល១ម៉ោង ហើយវាមានសមត្ថភាពសម្រាប់ព្យាបាលជំងឺមហារីកសរុបចំនួន ១៥ប្រភេទខុសៗគ្នា រួមមាន មហារីកសួត មហារីកពោះវៀន មហារីកតម្រងនោម មហារីកប្លោកនោម មហារីកបំពង់រំលាយអាហារ មហារីកស្បែក ព្រមទាំងមហារីកនៅផ្នែកកនិងក្បាល ជាដើម។
គួរបញ្ជាក់ថា បើតាមសេវាសុខាភិបាលជាតិ NHS របស់អង់គ្លេស ថ្នាំចាក់ខាងលើ អាចជួយឱ្យអ្នកជំងឺមហារីក លែងត្រូវចំណាយពេលច្រើនដូចមុន សម្រាប់ការព្យាបាលរបស់ពួកគេ ហើយអនុញ្ញាតឱ្យគ្រូពេទ្យ អាចព្យាបាលអ្នកជំងឺបានកាន់តែច្រើន៕