(កៀវ)៖ ក្រុមមន្ត្រីអ៊ុយក្រែន បានឱ្យដឹងថាកងកម្លាំងរុស្ស៉ីបានបើកការវាយប្រហារដោយប្រើដ្រូន លើរដ្ឋធានីកៀវ និងទីក្រុងមួយចំនួនទៀត នៅព្រឹកថ្ងៃអាទិត្យ ទី២៥ ខែឧសភា ដោយបណ្ដាលឱ្យមនុស្ស យ៉ាងហោច ១១នាក់ រងរបួសនៅក្នុងរដ្ឋធានី ខណៈមនុស្ស៣នាក់ផ្សេងទៀតបានស្លាប់នៅជាយរដ្ឋធានី និងអគារមួយចំនួនរងការខូចខាត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមក្រុមមន្ត្រីអ៊ុយក្រែន មនុស្ស៣នាក់ត្រូវបានសម្លាប់នៅក្នុងទីក្រុងតូចចំនួន២ ស្ថិតនៅជាយរដ្ឋធានីកៀវ។ កងកម្លាំងរុស្ស៉ីក៏បានបើកការវាយប្រហារផងដែរលើបណ្ដាក្រុងជាច្រើនទៀតនៃប្រទេសអ៊ុយក្រែន ក្នុងនោះរួមមានទីក្រុង Kharkiv ទីក្រុង Mykolaiv រួមទាំងទីក្រុង Ternopil។ នៅឯរដ្ឋធានីកៀវ អាជ្ញាធរបាននិយាយថាមនុស្ស១១នាក់បានរងរបួសនៅក្នុងការវាយប្រហារដោយដ្រូនរបស់រុស្ស៉ី រីឯអគារកម្ពស់ ៥ជាន់នៅក្នុងតំបន់ Holosiivskyi ស្ថិតនៅជាយរដ្ឋធានីកៀវ ក៏បានរងការវាយប្រហារផងដែរ ដោយបណ្ដាលឱ្យមានអគ្គិភ័យឆាបឆេះបំផ្លាញផ្នែកខាងក្រៅនៃអគារ។
នេះគឺជាការវាយប្រហាររបស់រុស្ស៉ី ២យប់ជាប់ៗគ្នាលើអ៊ុយក្រែន។ កាលពីថ្ងៃសុក្រ រុស្ស៉ីបានបាញ់ដ្រូនរាប់សិបគ្រឿង និងមីស៊ីលបាលិស្ទីគជាច្រើនគ្រាប់លើរដ្ឋធានីកៀវ ដោយបណ្ដាលឱ្យអគារអាផាតធឺមិន ចំនួន៥រងការខូតខាត និងមនុស្ស១៥នាក់រងរបួស។ ព្រមពេលជាមួយគ្នា ក្រសួងការពារជាតិរុស្ស៉ីក៏បានរាយការណ៍ដែរថាប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានស្ទាក់បំផ្លាញដ្រូនអ៊ុយក្រែន ៩៥គ្រឿង ក្នុងនោះមានដ្រូន ១២គ្រឿងត្រូវបានបាញ់ស្ទាក់បំផ្លាញនៅពេលពួកវាហោះឆ្ពោះទៅកាន់រដ្ឋធានីមូស្គូ៕