(កៀវ)៖ កងកម្លាំងរុស្ស៊ីបានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើក (ដ្រូន) និងមីស៊ីលចំនួន ៣៦៧គ្រឿង សំដៅលើទីក្រុងនានារបស់អ៊ុយក្រែនពេញមួយយប់ឈានចូលថ្ងៃអាទិត្យ ទី២៥ ខែឧសភា ដែលជាការវាយប្រហារតាមអាកាសដ៏ធំបំផុតនៃសង្គ្រាមរហូតមកដល់ពេលនេះ ដោយបានសម្លាប់មនុស្សយ៉ាងតិច ១២នាក់ និងធ្វើឲ្យរាប់សិបនាក់ទៀតរងរបួស។ នេះបើតាមការអះអាងរបស់មន្ត្រីអ៊ុយក្រែន និងរាយការណ៍បន្តដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៥ ខែឧសភា ឆ្នាំ២០២៥។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែន លោក Ihor Klymenko បាននិយាយថា មនុស្ស ១២នាក់ត្រូវបានសម្លាប់ និង ៦០នាក់រងរបួសទូទាំងប្រទេស។ ក្នុងចំណោមអ្នកស្លាប់ រួមមានកុមារបីនាក់នៅតំបន់ Zhytomyr ភាគខាងជើង។ លោក Klymenko បានសរសេរថា «នេះគឺជាការវាយប្រហារចម្រុះដ៏ឃោរឃៅ សំដៅលើជនស៊ីវិល...»។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានអំពាវនាវឲ្យសហរដ្ឋអាមេរិក និងពិភពលោកទាំងមូល ធ្វើការថ្កោលទោស។ លោកបានសរសេរលើ Telegram ថា «ភាពស្ងៀមស្ងាត់របស់អាមេរិក... មានតែលើកទឹកចិត្តពូទីនប៉ុណ្ណោះ... រាល់ការវាយប្រហារភេរវកម្មរុស្ស៊ីបែបនេះ គឺជាហេតុផលគ្រប់គ្រាន់សម្រាប់ការដាក់ទណ្ឌកម្មថ្មី»។
នេះគឺជាការវាយប្រហារដ៏ធំបំផុតនៃសង្គ្រាម បើគិតពីចំនួនអាវុធដែលបានបាញ់ ទោះបីជាការវាយប្រហារផ្សេងទៀតធ្លាប់បានសម្លាប់មនុស្សច្រើនជាងក៏ដោយ។ ការវាយប្រហារនេះ កើតឡើងខណៈដែលអ៊ុយក្រែន និងរុស្ស៊ី កំពុងត្រៀមខ្លួនសម្រាប់ថ្ងៃទីបី និងជាថ្ងៃចុងក្រោយនៃការដោះដូរអ្នកទោសសង្គ្រាមទ្រង់ទ្រាយធំ ដែលភាគីនីមួយៗនឹងដោះដូរមនុស្សសរុប ១,០០០នាក់។
គួរបញ្ជាក់ថា ការវាយប្រហារទ្រង់ទ្រាយធំនេះ កើតមានឡើងស្របពេលដែលកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីបញ្ចប់សង្គ្រាមហាក់ដូចជាកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ បើទោះបីជាមានការជួបចរចាដោយផ្ទាល់កាលពីសប្តាហ៍មុនក៏ដោយ៕