(កៀវ)៖ នៅថ្ងៃចន្ទ ទី២៦ ខែឧសភា ទីក្រុងកៀវបានអះអាងថា រុស្ស៉ីបានប្រើប្រាស់យន្តហោះដ្រូន រហូតដល់៣៥៥គ្រឿង ក្នុងការវាយប្រហារ​កាលពីវេលាយប់កន្លងទៅ មកលើអ៊ុយក្រែន ដែលជាការវាយប្រហារធំបំផុត គិតចាប់តាំងពីសង្រ្គាមផ្ទុះឡើង កាលពីឆ្នាំ២០២២។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

កងទ័ពអាកាសអ៊ុយក្រែន បាននិយាយថា អំឡុងការវាយប្រហារថ្មីចុងក្រោយខាងលើ រុស្ស៉ីបានប្រើប្រាស់យន្តហោះដ្រូន Shahed សរុប៣៥៥គ្រឿង រួមជាមួយមីស៉ីលគ្រូស៩គ្រាប់ ខណៈមិនទាន់មានការបញ្ជាក់ពីមនុស្សរងគ្រោះថ្នាក់ ឬទំហំនៃការខូចខាតនៅឡើយទេ។ វាកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរុស្ស៉ីបានប្រើដ្រូន២៩៨គ្រឿង និងមីស៉ីល ៦៩គ្រាប់ ក្នុងការវាយប្រហារដ៏ធ្ងន់មួយ ដែលបានផ្តាច់ជីវិតមនុស្សយ៉ាងហោច១៣នាក់ នៅអ៊ុយក្រែន។ ដោយឡែក នៅថ្ងៃចន្ទនេះ ក្រសួងការពារជាតិរុស្ស៉ី ក៏បានប្រកាសដែរថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ី បានបាញ់ស្ទាក់យន្តហោះដ្រូនអ៊ុយក្រែន ៩៦គ្រឿង។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ ក្រោយការវាយប្រហារដ៏ប្រល័យរបស់រុស្ស៉ី ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសរសេរ​សារបង្ហោះលើបណ្តាញសង្គមថា «លោក ពូទីន ក្លាយជាមនុស្សបាត់បង់សតិហើយ។ ខ្ញុំតែងតែនិយាយថា លោក ពូទីន ហាក់ចង់បានអ៊ុយក្រែនទាំងមូល មិនមែនត្រឹមផ្នែកណាមួយនោះទេ ហើយឥឡូវអ្វីៗប្រហែលកំពុងបង្ហាញថា វាគឺជារឿងពិតដូចខ្ញុំថាមែន ប៉ុន្តែប្រសិនលោក ពូទីន ពិតជាមានគំនិតបែបនោះមែន វានឹងនាំទៅរកការដួលរលំនៃប្រទេសរុស្ស៉ី មិនខាន»